ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលអ្នកទេសចរទន្ទឹងរង់ចាំ នៅប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២២ខែកញ្ញានេះ
ចេញផ្សាយ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤
វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
ពេលវេលាដែលអ្នកទេសចរតែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។
ព្រឹត្តិការណ៍មហស្ចារ្យគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃប្រាសាទអង្គរវត្ត តែងបានទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញហេតុការណ៍នេះ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រីខែកញ្ញា ឆ្នាំ២០២៤នេះ នឹងកើតឡើងក្នុងថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ។ លោកថា ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២៤នេះ នឹងកើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ក្នុងខែទី២២កញ្ញាខាងមុខនេះ។
លោកពន្យល់ថា សមរាត្រីគឺជាពេលវេលា ដែលរវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេល ស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក ។ ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿង ចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរស ខ្មែរ ដែលរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិ ឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត នេះឡើង ។
លោកបន្តថា អាចនិយាយបានថាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះ កើតមានតែនៅប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា តែមួយប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើន នៅលើប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ ។