ព័ត៌មានជាតិ

សមាគមសារព័ត៌មានចំនួន៣ ប្រតិកម្មចំពោះការមិនផ្តល់តម្លៃចំពោះ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ពីមន្ត្រីអង្គការសហប្រជាជាតិ

សមាគមសារព័ត៌មានចំនួន៣ ប្រតិកម្មចំពោះការមិនផ្តល់តម្លៃចំពោះ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ពីមន្ត្រីអង្គការសហប្រជាជាតិ
ចេញផ្សាយ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤
សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សមាគមសម្ព័ន្ធសារព័ត៌មានគេហទំព័រកម្ពុជា និងសមាគមអ្នកសារព័ត៌មានយុវជន បានបង្ហាញការមិនគាំទ្រចំពោះការអំពាវនាវរបស់មន្ត្រីអង្គការសហប្រជាជាតិ ដែលបានស្នើសុំឱ្យមានការព្យួរការអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។

សមាគមសារព័ត៌មានទាំង៣ បានរិះគន់ការអំពាវនាវខាងលើនេះថា ជាការមិនឱ្យតម្លៃលើឆន្ទៈ និងការឯកភាពជារួម របស់សមាគមសារ ព័ត៌មាន អ្នកសារព័ត៌មាន និងដៃគូពាក់ព័ន្ធ ទាំងអស់ដែលបានខិតខំតាក់តែងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះឡើង។ ការអំពាវនាវរបស់មន្ត្រីអង្គការសហប្រជាជាតិ នាពេលនេះ គឺជាការបរាជ័យមួយដ៏ធំ ។

យោងតាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី១៨កញ្ញា ដោយលោកប៉ូវ បូរីណា លោក ទូច ប៉ែត និងលោកហោ គន្ធា បានសរសេរថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ពិតជាមានសារប្រយោជន៍ធំធេង និងជាគុណតម្លៃមួយដ៏ប្រសើរជាទីបំផុត សម្រាប់ធ្វើការតម្រង់ទិស អ្នកសារព័ត៌មានប្រកបអាជីព និងមិនអាជីព និងភាគីពាក់ព័ន្ធលើការងារព័ត៌មាន ឱ្យអនុវត្តទៅបានល្អនូវក្រមសីលធម៌ និងវិជ្ជាជីវៈ។ លើសពីនេះទៅទៀត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលបានប្រកាសឱ្យប្រើប្រាស់កន្លងទៅដោយក្រសួងព័ត៌មាន គឺទទួលបានការសាទរជាខ្លាំងពីសំណាក់អ្នកសារព័ត៌មាន តាមរយៈសមាគមសារព័ត៌មាន និងអង្គភាពសារព័ត៌មាននានា ហើយសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលធ្វើការបោះពុម្ព និងចែកជូនអ្នកសារព័ត៌មាន និងមជ្ឈដ្ឋានទូទៅនាពេលកន្លងមក គឺជាសំណើពីអ្នកសារព័ត៌មានទាំង អាជីព និងមិនមែនអាជីព អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានជាច្រើន មកកាន់ក្រសួងព័ត៌មាន។

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សមាគមសម្ព័ន្ធសារព័ត៌មាន គេហទំព័រកម្ពុជា និងសមាគមអ្នកសារព័ត៌មានយុវជន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង លើការដាក់ឱ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» របស់ក្រសួងព័ត៌មាននាពេលនេះ និងសូមអំពាវនាវដល់ សមាជិក សមាជិកា អង្គភាពសារព័ត៌មានចំណុះសមាគម ឱ្យបន្តអនុវត្តឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជាត្រីវិស័យប្រកបដោយគុណប្រយោជន៍ដ៏មានសារៈសំខាន់លើវិស័យសារព័ត៌មាននៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *