ព័ត៌មានជាតិ

ពេលធ្វើកំណាយក្នុងបរិវេណប្រាសាទតាព្រហ្ម រកឃើញបំណែកក្បាល​នាគដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធប្រក់នាគ

ពេលធ្វើកំណាយក្នុងបរិវេណប្រាសាទតាព្រហ្ម រកឃើញបំណែកក្បាល​នាគដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធប្រក់នាគ
ចេញផ្សាយ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤
MoINFO APP

ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន​ស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងធ្វើកំណាយនៅ​ក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម រកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់​បដិមាព្រះពុទ្ធបដិមាប្រក់នាគ​តម្កល់នៅក្នុង​សាលរបាំ រួមទាំងបំណែក​ផ្សេងៗរបស់បដិមាតូចធំមួយចំនួនផង។

អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានស្រង់សម្ដី​បុរាណវិទូ លោកស្រី នេត ស៊ីមន ដែលបញ្ជាក់ថា កាលពីខែ​កក្កដា​កន្លងទៅក្នុងពេលដែលក្រុមការងារបានរៀបចំសម្រង់ប្លង់បំណែកថ្មដែលនៅរាយប៉ាយជុំវិញរោងទងទី៣នៃប្រាសាទតាព្រហ្មបានប្រទះឃើញបំណែកខ្លួននាគមួយផ្នែកនៃចម្លាក់បដិមាព្រះពុទ្ធប្រក់នាគ មួយផ្នែកកប់​នៅក្នុងដី។ ក្រោយពីកំណាយឃើញថា ថ្មនៃបំណែកក្បាលនាគនេះ គឺជាបំណែកចម្លាក់នាគ ដែលជាដងខ្លួននាគរបស់ព្រះពុទ្ធប្រក់នាគ ដែលបានយកទៅដាក់តម្កល់ក្នុង​សាលរបាំ។ ប៉ុន្តែ បំណែកក្បាលនាគ​មានត្រឹមក្បាលតែ២ប៉ុណ្ណោះ គឺក្បាលផ្នែកកណ្តាល និងខាងស្តាំ ក្នុងចំណោមនាគក្បាល៧។ អ្វីដែលធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា ជាបំណែកមួយរបស់ព្រះពុទ្ធប្រក់នាគ គឺមុខថ្មមានទំហំត្រូវគ្នា សាច់ថ្មតែមួយ រួមទាំងក្បូរក្បាច់​ក្នុង​ទម្រង់ដូចគ្នា។

ប្រភពដដែលបន្តថា តាមស្ថានភាពនៃបំណែកក្បាលនាគកប់នៅ​ក្នុងដីនេះ គឺមានការរៀបចំទុកយ៉ាងត្រឹមត្រូវ ដែលអ្នកជំនាញគិតថា បំណែករូបនេះ ត្រូវបានគេកប់ទុកនៅទីតាំងនេះ ដោយការគោរព ដែលប្រហែលជានៅក្រោយរាជព្រះបាទជ័យវរ្ម័នទី៧ ពេលដែល​ផ្លាស់ប្ដូរសាសនាពីពុទ្ធសាសនាមហាយានទៅព្រហ្មសាសនាវិញ។

ក្រុមការងារសង្ឃឹមថា នឹងអាចរកឃើញផ្នែកផ្សេងៗរបស់ពុទ្ធបដិមា​ប្រក់នាគដ៏ធំមួយនេះបន្ថែមទៀតនាពេលអនាគ ដើម្បីយកមកផ្គុំ​ឡើងវិញ ឱ្យបដិមានេះពេញរូបរាង ទុកឱ្យពុទ្ធសាសនិកគោរពបូជា​តាមជំនឿ។

បុរាណវិទូឱ្យដឹងទៀតថា ក្រៅពីបំណែកក្បាលនាគដ៏សំខាន់នេះ ក៏រកឃើញបំណែកផ្សេងៗរបស់ពុទ្ធបដិមា និងចម្លាក់ផ្សេងៗ​មួយចំនួនទៀត មានដូចជា ប្រអប់ដៃ ប្រអប់ជើង ដងខ្លួន ជើងទម្រ ព្រះសិរ ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *