សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ
ចេញផ្សាយ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤
នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយ ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េនៅវិមានប្រធានាធិបតី។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោប្រធានព្រឹទ្ធសភានិងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមក្នុង “វេទិកាចំណេះពិភពលោក” (World Knowledge Forum)។ ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានគាំទ្រចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ និងបានរំលឹកថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី កាលពីខែឧសភាកន្លងទៅ បានអនុញ្ញាតឱ្យមានការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាភាពដៃគូយុទ្ធសាស្ត្រ ដែលជាដំណាក់កាលថ្មីនៃទំនាក់ទំនងរបស់យើង។
ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់សម្ដេច មកសាធារណរដ្ឋកូរ៉េសាជាថ្មីម្ដងទៀត ដើម្បីចូលរួមក្នុង ”វេទិកាចំណេះដឹងពិភពលោក”។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធានាធិបតី ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសយើងទាំងពីរបានធ្វើការជាមួយគ្នាជាច្រើន បន្ទាប់ពី ឯកឧត្តម បានជាប់ឆ្នោតជាប្រធានាធិបតី ហើយក្នុងឋានៈ សម្ដេច ជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ សម្ដេចមានការរីករាយ និងមានមោទនភាពចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរលើគ្រប់វិស័យ។ សម្ដេចតេជោ ក៏បានរំលឹកផងដែរ ចំពោះការខិតខំប្រឹងប្រែងតស៊ូជំនះរាល់ឧបសគ្គប្រឈមនូវបញ្ហាជាជាច្រើន រហូតបានចាប់ផ្ដើមនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ហើយបច្ចុប្បន្នមានភាពល្អប្រសើរជាលំដាប់។
សម្ដេចតេជោ ក៏បានសំដែងការរីករាយនិងវាយតម្លៃខ្ពស់ផងដែរ ដែលកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានលើកកម្ពស់ទំនាក់ទំនងដល់កម្រិតយុទ្ធសាស្ត្រ។ សម្តេចតេជោ បានលើកឡើងថា នៅ៣ឆ្នាំខាងមុខ គឺជាពេលដែលយើងទាំងពីរប្រារព្ធអនុស្សាវរីយ៍ទី៣០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ សម្តេចតេជោ បានស្នើដល់ឯកឧត្តមប្រធានាធិបតី ពិចារណាលើកកម្ពស់ទំនាក់ទំនងប្រទេសយើងទាំងពីរ ឱ្យដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។