ព័ត៌មានជាតិ

គ្រប់គ្នារីករាយក្នុងដំណើរទស្សនកិច្ចជើងដំបូងទៅកាន់តំបន់ប៉ែកឦសានប្រទេសកម្ពុជា

គ្រប់គ្នារីករាយក្នុងដំណើរទស្សនកិច្ចជើងដំបូងទៅកាន់តំបន់ប៉ែកឦសានប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៤
ដំណើរទស្សនកិច្ចជើងដំបូងរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា បានធ្វើដំណើរចេញពីរាជធានីភ្នំពេញនៅ​វេលាម៉ោង​ប្រមាណ៥ព្រឹកថ្ងៃសៅរ៍ទី៧កញ្ញានេះ ដើម្បីធ្វើទស្សនកិច្ចក្នុងតម្រាយផ្លូវ​ដែល​បានកំណត់រួចគឺឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្ត​មណ្ឌលគិរី។កម្មវិធីនេះរៀបចំដោយរាជរដ្ឋាភិបាល និងសម្របសម្រួលដោយក្រសួងព័ត៌មាន។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួង​ព័ត៌មានបានប្រាប់តាមសារអេឡិច​ត្រូនិចមុននេះបន្តិចថា ប្រជាពលរដ្ឋចូលរួម​ពោរពេញដោយក្តីសប្បាយរីករាយ និងក្រោយស្រស់ស្រូបអាហារពេល​ព្រឹករួចដំណើរទស្សនកិច្ចពលរដ្ឋ​បានអញ្ជើញទៅ​ដល់ទីតាំង​ទី១គឺ៖ ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោល​ព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់​ភូមិសាស្ត្រនេះ​ ក៏ដូចជាស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋា​រចនាសម្ព័ន្ធ​​ដែលមានការអភិវឌ្ឍជាក់ស្តែង​យ៉ាងច្រើននិងជាបន្តបន្ទាប់។ ទាំងនេះគឺដោយសារកម្ពុជាមាន​សន្តិភាពពេញលេញ និងការអភិវឌ្ឍឥតឈប់ឈរទាំងនៅកម្រិត​ជាតិនិងកម្រិតសហគមន៍មូលដ្ឋាន ជាពិសេសគឺការការពារអធិបតេយ្យ​ភាពជាតិនិង​បូរណភាព​ទឹកដី ដែលរាជរដ្ឋាភិបាលកម្ពុជាទាំងក្នុង​អាណត្តិ​មុនៗ និងក្នុងអាណត្តិទី៧នេះ បានយកចិត្តទុកដាក់ជា​អាទិភាព​ខ្ពស់​បំផុត ដើម្បីធានាឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

អ្នកនាំពក្យដដែលបន្តថា ក្រោយពីបានចុះពិនិត្យនិងបានទទួល​ព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ច​យើងបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតដូចដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរីជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងត្រលប់មកកាន់រាជធានីភ្នំពេញវិញនាល្ងាចនៃសៅរ៍ដដែលនេះ។

សូមរំលឹកជូនថា ទស្សនកិច្ចប្រភេទនេះជាដំណើរទស្សនកិច្ចលើក​ដំបូង​បង្អស់ហើយៗបានបើកទូលាយ​សម្រាប់សាធារណជនទូទៅ​ទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញ​ព័ត៌មានសម្រាប់ការចុះឈ្មោះអនឡាញ និងដោយអនុវត្ត​គោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *