ព័ត៌មានជាតិ

ខ្មែរបង្ហាញបេះដូងរួបរួមគ្នានិងចង់ឃើញនូវអ្វីដែលខ្មែរធ្វើបាន

ខ្មែរបង្ហាញបេះដូងរួបរួមគ្នានិងចង់ឃើញនូវអ្វីដែលខ្មែរធ្វើបាន
ចេញផ្សាយ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៤
រហូតដល់ដល់ថ្ងៃនេះ ខ្មែរគ្រប់ស្រទាប់ និងគ្រប់ទិសទី បានបង្ហាញថា ខ្លួនចង់ធ្វើជាម្ចាស់ប្រទេស ជាម្ចាស់មាតុភូមិនិងជាម្ចាស់បូរណភាពទឹកដី។

ស្មារតីនេះបានបង្ហាញឡើងតាមរយៈខ្មែរមានប្រពៃណីសាមគ្គីគ្នា ស្មារតីចែករំលែក និងស្មារតីរួបរួមគ្នាធ្វើ។

កន្លងមកនេះ ប្រជាពលរដ្ឋ ខ្មែរមានប្រពៃណី រួបរួមគ្នាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជួយឧបត្ថម្ភសម្រាប់ព្យាបាលអ្នកជំងឺដោយសារកូវីដ ហើយថ្មីៗនេះ ប្រជាពលរដ្ឋបានផុលផុសចូលរួមបរិច្ចាគថវិកាដើម្បីកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន។

ចលនានេះបានធ្វើឡើងគ្រប់ស្រទាប់មហាជន ទាំងមន្ត្រីរាជការ វិស័យឯកជន ព្រះសង្ឃ ប្រជាពលរដ្ឋ សិល្បករ សិស្សនិស្សិត។

តួយ៉ាង តារាចម្រៀង ព្រាប សុវត្ថិ តារាចម្រៀងខេមរៈសិរីមន្ដ តារាចម្រៀងតន់ច័ន្ទសីមា តារាចម្រៀងខាន់ ចេមស៍ ហើយថ្មីៗនេះ តារាភាពយន្ដឌី សាវ៉េត ក៏បានចូលរូមបរិច្ចាគថវិកាក្នុងមូលនិធិកសាងផ្លូវតាមព្រំដែននេះដែរ។

ជាមួយគ្នានេះក៏មានតារាម៉ូដែលជាច្រើនទៀត ដូចជាតារាម៉ូដែល លឹមជាឡាយ តារាម៉ូដែលអាលិក យូ តារាម៉ូដែលប៊ុនម៉ាលី ព្រមទាំងតារាជាច្រើនទៀតដែលមិនអាចរៀបរ៉ាប់អស់។ទន្ទឹមនេះក៏មានការចូលរួមពីពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានអោយដឹងថាគ្រាន់តែរយៈពេល៣ថ្ងៃដំបូងបន្ទាប់ពីបានបង្កើតមូលនិធិនេះគឺ ចាប់ពីថ្ងៃទី២៦ ខែសីហាមកដល់រសៀលថ្ងៃទី២៩សីហា មានចំនួនមនុស្សដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនមកចូលមូលនិធិមានជិត ២០ម៉ឺននាក់ ជាមួយនឹងទឹកប្រាក់សរុបជំហានដំបូងគឺជាង ១១លានដុល្លារ។

សកម្មភាពគាំទ្រមូលនិធិកសាងព្រំដែននេះបានក្លាយទៅជាចលនាស្នេហាជាតិមួយ។

ចង់ឬមិនចង់ ឆន្ទ:ស្រឡាញ់ទឹកដី ស្រលាញ់ព្រំដែននេះ នឹងរំសាយកង្វល់អស់ហើយពី ព័ត៌មានបោកប្រាស់ខុសពីការពិតថា កិច្ចព្រមព្រៀងCLV បានធ្វើអោយខ្មែរបាត់បង់ដី៤ខេត្តទៅប្រទេសវៀតណាម នោះ។

ពិសេសទៀតនោះ ព័ត៌មានភូតភរនេះនឹងសាបរលាប គឺនៅពេលដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃដែលរៀបចំសម្របសម្រួលដោយក្រសួងព័ត៌មាន ហើយនឹងចាប់ផ្តើមចេញដំណើរដំបូង.នៅថ្ងៃសៅរ៍ទី៧កញ្ញាចុងសប្តាហ៍នេះ ទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី ដើម្បីផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរបានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍន៍ជាក់ស្តែងនៅតាមព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ព្រំដែននិងការអភិវឌ្ឍន៍ ជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។

ដូចនេះ យើងអាចនិយាយបានថា ខ្មែរបានរួបរួមគ្នាធ្វើ ហើយចង់ឃើញនូវអ្វីដែលខ្មែរបានធ្វើ ដើម្បីបុព្វហេតុជាតិ និងសង្គមខ្មែរ៕

Leave a Reply

Your email address will not be published. Required fields are marked *