ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Flerida Ann P.Mayo

រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Flerida Ann P.Mayo
ចេញផ្សាយ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៤
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មីក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើវិស័យស្រូវអង្ករនិងម្រេចទៅប្រទេសហ្វីលីពីន។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យភាគីហ្វីលីពីនសហការធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានបទពិសោធក្នុងការវេចខ្ចប់ និងមានបច្ចេកទេសក្នុងការនាំចេញស្រូវអង្ករទៅក្រៅប្រទេស ព្រមទាំងសិក្សាពីនីតិវិធីអនាម័យ ភូតគាមអនាម័យ និងច្បាប់រវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។

ទន្ទឹមនឹងនេះលោកជំទាវ Flerida Ann P.Mayo ក៏បានលើកឡើងពីសំណើបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) រវាងប្រទេសហ្វីលីពីននិងប្រទេសកម្ពុជា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ចំពោះសំណើបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) ដោយត្រូវផ្តោតលើអ្វីដែលប្រទេសទាំងពីរអាចធ្វើបានជាមួយគ្នា ជាពិសេសជំរុញការធ្វើកសិពាណិជ្ជកម្មឱ្យចេញជារូបរាងពិតប្រាកដ ដែលមានភាពបុរេសកម្ម និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាស្វាគមន៍វិស័យឯកជន ដែលមានបំណងវិនិយោគលើវិស័យស្រូវអង្ករ ហើយកម្ពុជាមានកសិផលដែលមានគុណភាពល្អ ប្រណិត សម្រាប់ផ្គត់ផ្គង់ដល់ការនាំចេញផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *