កម្ពុជាជំរុញការពង្រឹងប្រព័ន្ធសន្តិសុខព័ត៌មានក្នុងក្របខណ្ឌអាស៊ាន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹង ព័ត៌មានក្លែងក្លាយ
ចេញផ្សាយ ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៥
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានលើកអំពីគំនិតផ្តួចផ្តើម បង្កើតកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងពិនិត្យពិចារណារៀបចំរចនាសម្ព័ន្ធក្រុមការងារប្រព័ន្ធផ្សព្វផ្សាយអាស៊ាន តាមរយៈការពង្រឹងមជ្ឈមណ្ឌលផ្លាស់ប្តូរ ខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ការពង្រីកកម្មវិធីអក្ខរកម្មឌីជីថលនិងកម្មវិធីភាពធន់ នឹងប្រព័ន្ធផ្សព្វផ្សាយ ការបង្កើតមណ្ឌលប្រព័ន្ធផ្សព្វផ្សាយយុវជន ការអភិវឌ្ឍក្របខណ្ឌទំនាក់ទំនងតំបន់ ក្នុងពេលនៃវិបត្តិ និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងឆ្លងព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ការពង្រឹងប្រព័ន្ធសន្តិសុខព័ត៌មានក្នុងក្របខណ្ឌអាស៊ាននេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកំពុងមានវត្តមាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន អាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី៧ដល់៩ឧសភាឆ្នាំ២០២៥ នៅប្រទេសព្រុយណេ ដែលបានរៀបចំឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយជំរុញការយល់ដឹងរួម៖ ការផ្លាស់ប្តូរតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុង ការជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមកនៅក្នុងអាស៊ាន MAJU» ដែលសង្កត់ធ្ងន់ទៅលើតួនាទីវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អត្តសញ្ញាណ និងការយោគយល់គ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧នេះ មានឯកសារជាច្រើនទាក់ទងនឹងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយត្រូវបានអនុម័ត ដែលជាការបោះជំហានថ្មីមួយទៀតនៃសមាជិកអាស៊ានលើកិច្ចការព័ត៌មាន ដែលបានដើរតួនាទីដ៏សំខាន់ ក្នុងការបញ្ជ្រាបចំណេះដឹងនានា និងចូលធានាបាននូវកិច្ចសហប្រតិបត្តិ និងមជ្ឈភាពអាស៊ាន។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាជាមួយលោក Poon Hong Yuen អគ្គនាយករងនៃក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាន ប្រទេសសិង្ហបុរីលើកិច្ចសហប្រតិបត្តិការ នានាដើម្បីសន្តិសុខព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធក្នុងកិច្ចការព័ត៌មាន ដោយបានពិភាក្សាគ្នាដោយផ្តោតលើសារៈសំខាន់នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ការកសាងសមត្ថភាព និងគំនិតផ្តួចផ្តើមក្នុងការពង្រឹងសន្តិសុខព័ត៌មាននៅទូទាំងតំបន់អាស៊ាន។
កិច្ចប្រឹងប្រែងពង្រឹងសន្តិសុខព័ត៌មាននៅទូទាំងតំបន់អាស៊ាននេះ បានធ្វើឡើងបន្ទាប់ពីប្រភេទព័ត៌មាន ក្លែងក្លាយកាន់តែលេចរូបរាងច្រើនហើយបានរំខានកាន់តែខ្លាំងក្លាដល់ការអភិវឌ្ឍនិងសន្តិសុខជាតិ។
សូមរំលឹកថា នៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» កាលពីដើមខែឧសភាឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងបាននិង កំពុងសិក្សារៀបចំឡើងវិញនូវច្បាប់ស្តីពី របបសារព័ត៌មាន និងច្បាប់ស្តីពី ការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីឱ្យស្របទៅតាម ការវិវិត្តន៍របស់សង្គម។