ឯកឧត្តម ឃឹម វុទ្ធី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម កែ សុជាតិ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធាននាយកដ្ឋានផលិតកម្មវិធីទូរទស្សន៍
នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម កែ សុជាតិ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធាននាយកដ្ឋានផលិតកម្មវិធីទូរទស្សន៍ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលបានទទួលមរណភាពនៅវេលាម៉ោង១៧៖៣៩នាទីល្ងាច នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
សពឯកឧត្តម កែ សុជាតិ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនានៅគេហដ្ឋានលេខ៧៨ ផ្លូវលេខ១៤ នៅបុរីពិភពថ្មីចំការដូង៣ ក្រោយវត្តឬស្សីសាញ់ ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម ឃឹម វុទ្ធី ជំនួសមុខឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ ឥតឧបមា សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ រូបឯកឧត្តម កែ សុជាតិ ដែលជាឪពុក និងជាសមាជិកគ្រួសារជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ហើយ ការបាត់បង់ ឯកឧត្តម កែ សុជាតិ គឺជាការបាត់បង់ថ្នាក់ដឹកនាំ ១រូប ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមចំណែក យ៉ាងសកម្ម ក្នុងបុព្វហេតុការងាររបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។
ជាថ្មីម្តងទៀត យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជកា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមឧទ្ទិសបួងសួងជូនដល់វិញ្ញាណក្ខន្ធរបស់សព ឯកឧត្តម កែ សុជាតិ សូមបានចាប់បដិសន្ធិ និង សោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។