ព័ត៌មានជាតិ

សម្តេចធិបតី គូសបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស ការមិនយកពន្ធដីកសិកម្មនៅតែបន្ត

សម្តេចធិបតី គូសបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស ការមិនយកពន្ធដីកសិកម្មនៅតែបន្ត
ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៤
AKP កំពង់ចាម ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤–

ជាការយកចិត្តទុកដាក់ចំពោះកសិករ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស ការមិនយកពន្ធដីកសិកម្មនៅតែបន្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ“ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ កក្កដា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ជំរុញអនុវត្តយ៉ាងសកម្មនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

សូមរម្លឹកថា ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផល កសិកម្មជាង ៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារ ទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *