សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យសិស្សនិស្សិតខិតខំរួមគ្នាដើម្បីធ្វើឱ្យប្រទេសកម្ពុជា ដើរឱ្យទាន់ប្រទេសជិតខាង ហើយត្រៀមនឹងវ៉ាគេនាពេលអនាគត
ចេញផ្សាយ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤
MoINFO APP
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា បើនៅអង្គុយសោកស្តាយ តែ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រដែលបានបាត់បង់ និងបានដើរក្រោយប្រទេសជិតខាងក៏ដោយ តែត្រូវតែខំប្រឹងដើម្បីតាមឱ្យទាន់គេ ហើយនឹងវ៉ាគេនៅពេលអនាគត ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យសិស្សានុសិស្សគ្រប់រូប ដែលជាធនធានរបស់សង្គមជាតិ ត្រូវតែមានទស្សនវិជ្ជមានសម្រាប់ខ្លួនឯង និងទស្សនវិជ្ជមានសម្រាប់ជាតិ បើទោះបីប្រទេសកម្ពុជា មិនមែនជាប្រទេសអ្នកមាន និងតែងតែជួបបញ្ហា តែត្រូវផ្តោតលើសក្ដានុពលដែលមាន ហើយត្រូវខិតខំជំរុញប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ។
ក្នុងនោះសម្តេចធិបតី បានណែនាំ មិនត្រូវឱ្យនៅសោកស្តាយនូវអ្វីដែលបានបាត់បង់ ក្នុងអតីតកាលដែលប្រវត្តិសាស្ត្រខ្មែរជាង៥០០ឆ្នាំបានកើតឡើងនោះទេ ពោលគ្មានប្រទេសណាដែលមិនធ្លាប់ជួបបញ្ហានោះទេ នៅលើពិភពលោកនេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ដោយសារយើងទទួលស្គាល់នូវតថភាពសោកសៅរបស់យើង ហើយយើងខំប្រឹងធ្វើយ៉ាងណា ជាមូលដ្ឋានកាន់តែរឹងមាំ។ យើងដើរក្រោយប្រទេសជិតខាង តែយើងត្រូវតែខំប្រឹងដើម្បីឱ្យតាមទាន់គេ ហើយនឹងវ៉ាគេនៅខាងមុខ” ។
បន្ថែមលើនេះ សម្តេចធិបតី បានចាត់ទុកថា សិស្សានុសិស្សទាំងអស់ មិនថាអ្នកជាប់និទ្ទេសA ឬនិទ្ទេសផ្សេងៗ ឬមិនជាប់នោះទេ សុទ្ធតែជាធនធានរបស់ជាតិ និងបានណែនាំឱ្យពង្រឹងខ្លួនឯងបន្ថែម ពង្រឹងដល់គ្រួសារ ជាពិសេសពង្រឹងដល់សង្គមជាតិ ។
សម្តេចធិបតី មានប្រសាសន៍ បន្ថែមថា “មានតែកូនខ្មែរទាំងអស់គ្នា ទប់កុំឱ្យវាយគ្នា៥០០ឆ្នាំឡើងវិញ កុំឱ្យរញ៉េរញ៉ៃឡើងវិញ តែត្រូវធ្វើយ៉ាងណាឱ្យសុខដុមនីយកម្ម ហើយបង្កើនឱកាសកាន់តែច្រើន រួមគ្នាកសាងជាតិយើង ទុកឱ្យជំនាន់កូនចៅល្អជាងយើង”៕