ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំមន្ត្រីជំនាញដើម្បីបន្តចុះត្រួតពិនិត្យស្ថានភាព រុយ ស បំផ្លាញស្រូវ របស់ប្រជាពលរដ្ឋស្រុកព្រះស្តេច

ឯកឧត្តម សួន សុម៉ាលីន បានដឹកនាំមន្ត្រីជំនាញដើម្បីបន្តចុះត្រួតពិនិត្យស្ថានភាព រុយ ស បំផ្លាញស្រូវ របស់ប្រជាពលរដ្ឋស្រុកព្រះស្តេច

ព្រៃវែង៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញដើម្បីចុះត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារ រុយ ពណ៌ ស បំផ្លាញស្រូវរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមរយៈការចុះត្រួតពិនិត្យដល់ទីតាំងខាងលើនេះឃើញថា ដំណាំស្រូវដែលបានទទួលរងផលប៉ះពាល់ដោយសារ រុយ ស បំផ្លាញនេះអស់ជាច្រើនហិចតា ដែលជាការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រមូលផល។ ដោយកន្លងមកនៅលើដីស្រែទាំងនេះបងប្អូនប្រជាកសិករអាចបង្កបង្កើនផលស្រូវបាន ៣ដង ក្នុងមួយឆ្នាំ។

ក្នុងនោះប្រជាកសិករបានរាយការណ៍ជូនឯកឧត្តម អភិបាលខេត្តថា រុយ ពណ៌ ស នេះ បានហើរមកបំផ្លាញស្រូវជាង១ខែមកហើយ ហើយវាចុះស្រែណា ស្រែនោះខូចស្ទើទាំងស្រុក ខ្លះធ្វើស្រែពីរហិកតា ខូចជាង១ហិកតា កន្លះទៅហើយ ។ ប្រជាពលរដ្ឋបន្តថា គាត់បានព្យាយាមបាញ់ថ្នាំដែតែមិនមានប្រសិទ្ធភាពនោះទេ។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែង មានប្រសាសន៍ថា ការបាញ់ថ្នាំ កំចាត់កាន់តែច្រើន វាធ្វើឲ្យសំបូរសត្វបំផ្លាញកាន់តែច្រើន ព្រោះថាថ្នាំគីមីកសិកម្ម កំចាត់ផង ការពារផង ទាក់ទាញក្លិនវា ឲ្យសត្វមកវិញផង  ហើយការងារជាក់ស្តែង មន្ទីរកំពុងរកវិធីសាស្ត្រក្នុងការកំចាត់សត្វ រុយ ពណ៌ ស នេះ ឲ្យបានលឿនបំផុត។

ឯកឧត្តម អភិបាលខេត្ត បានណែនាំឲ្យមន្ត្រីជំនាញធ្វើការទប់ស្កាត់ដោយការបាញ់ថ្នាំសម្លាប់សត្វល្អិតចំពោះដំណាំស្រូវដែលរងផលប៉ះពាល់ទាំងអស់ និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ចំពោះបញ្ហា រុយ ពណ៌ ស ដែលបំផ្លាញស្រូវប្រជាពលរដ្ឋនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *