អភិបាលខេត្តតាកែវណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវក្រើនរំនឹកពលរដ្ឋប្រើប្រាស់ទឹកឱ្យសំន្សំសំចៃនៅក្នុងរដូវប្រាំងនេះ
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំទៅដល់អស់លោកដែលជាអភិបាលក្រុងស្រុក សូមបន្តផ្សព្វផ្សាយនិងក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចេះប្រើប្រាស់ទឹកដោយសន្សំសំចៃនៅក្នុងរដូវប្រាំងនេះ ។
ថ្លែងនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីក្នុងជួរគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកអធិការនគបាល និងលោកមេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកក្រុង ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ភាពរាំងស្ងួតវាបានអូសបន្លាយដោយធ្វើឱ្យតំបន់មួយចំនួននៅភូមិសាស្រ្តខេត្តរបស់យើង មានភាពរាំងស្ងួត បញ្ហាខ្វះខាតទឹកប្រើប្រាស់ ក៏ដូចជាការរាំងស្ងួតស្ទឹងបឹងត្រពាំងនេះ វាជាបញ្ហាដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងខ្លា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង មានទឹកសម្រាប់ប្រើប្រាស់នៅក្នុងដំណាក់កាលខ្វះទឹកនេះ ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ភាពរាំងស្ងួតនេះ ដែលធ្វើឱ្យមានភាពខ្វះខាតទឹកសម្រាប់ប្រើប្រាស់ វាប្រាកដណាស់ថា នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់មនុស្ស និងសត្វផងដែរ ដូច្នោះទន្ទឹមនេះ សូមលោកអភិបាលស្រុក បន្តពិនិត្យតាមដានមើលអំពីស្ទឹងបឹងបួររបស់ខ្លួន នឹងហាមឃាត់កុំឱ្យបូមទឹកខណៈដែលយើងកំពុងតែត្រូវការទឹកនៅក្នុងរដូងប្រាំងដែលអូសបន្លាយនេះ ជាពិសេសគឺណែនាំទៅដល់ពលរដ្ឋសូមកុំបូមទឹកត្រពាំងដើម្បីចាប់ត្រី ព្រោះយើងកំពុងតែត្រូវការទឹក ហើយបើមិនចាំបាច់ សូមកុំយកទៅស្រោចស្រពដំណាំចំការអី ។
ឯកឧត្តម អ៊ូច ភា ក៏បានបញ្ជាក់ទៀតថា ទន្ទឹមនឹងរកដំណោះស្រាយនិងចាត់វិធានការណ៍ចំពោះការស្វែងយកប្រភពទឹក នឹងស្តារប្រឡាយសម្រាប់ត្រៀមស្តុបទឹកផងដែរនោះ អាជ្ញាធរមូលដ្ឋាន ក៏ត្រូវតែចុះពិនិត្យនឹងណែនាំបន្ថែមទៀតទៅដល់ម្ចាស់ស្ថានីយ៍ និងក្រុមហ៊ុនទឹកស្អាត សូមថែរក្សានឹងស្តុបទឹកទុកប្រើប្រាស់ឱ្យបានត្រឹមត្រូវ ហើយមួយទៀតប្រសិនបើស្ថានីយ៍ណាខ្វះខាតទឹកឬអស់ទឹក ត្រូវចាត់វិធានការណ៍ជាបន្ទាន់ភ្លាមៗ ធ្វើយ៉ាងណាកុំឱ្យបងប្អូនប្រជាពលរដ្ឋ ជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ឱ្យសោះ ៕