ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅស្រុកព្រះស្តេច

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅស្រុកព្រះស្តេច

ព្រៃវែង៖ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងកម្មវិធីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅស្រុកព្រះស្តេច
នៅបរិវេណវិទ្យាល័យ ហ៊ុន សែន តាគោក ស្ថិតក្នុងឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នេះមិនមែនជាលើកទី១ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះ ពិនិត្យព្យាបាលជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងនោះទេ ប៉ុន្តែនេះគឺជាលើកទី២២ហើយ ដែល ក្នុងនោះយើងថែមទាំងបានចុះព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ចំនួន០៣លើក ផងដែរ។  និយាយដោយឡែក សម្រាប់ស្រុកព្រះស្ដេច បានចុះពិនិត្យនិងព្យាបាលចំនួន ០១លើករួច ហើយកាលពីឆ្នាំ២០១៦ ដែលកាលនោះ ប្រជាពលរដ្ឋ ចូលរួមទទួលសេវាពិនិត្យ និងព្យាបាល មិន តិចជាង ២០០០នាក់នោះទេ។ ក្នុងនោះឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឆ្មប គិលានុបដ្ឋាក សមាជិក សមាជិកា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃជាមួយ គ្រួសារ ការប្រកបរបរប្រចាំថ្ងៃ ព្រមទាំងលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធាន ផ្ទាល់ខ្លួន ដើម្បីពិនិត្យព្យាបាលជូនប្រជាពលរដ្ឋចាប់តាំងពីក្រុមគ្រូពេទ្យបង្កើតឡើងនាឆ្នាំ២០១៦មក នេះបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងមនសិការស្រលាញ់ជាតិមាតុភូមិ និងប្រជាពលរដ្ឋ របស់យើង ក្នុងស្មារតីជាតិសាសតែមួយ។

ឯកឧត្ដម អភិសន្តិបណ្ឌិត បន្ថែមថា អ្វីដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចង់បាន នោះមិនមែនជាមានប្រាក់ ជាការកោតសរសើរ ឬផ្តល់ រង្វាន់នោះទេ តែជាស្នាមញញឹមរបស់លោកតា លោកយាយ ពុកម៉ែ បងប្អូន បន្ទាប់ពីទទួលបានការ ព្យាបាលរួចហើយ និងត្រឡប់ទៅផ្ទះប្រកបដោយសុខ សុវត្ថិភាព។ នេះហើយគឺជាកម្លាំងចិត្តសម្រាប់ ក្រុមការងារនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើង ដែលនៅតែចំណាយពេលបន្តចុះពិនិត្យព្យាបាលជូន លោកតា លោកយាយ ពូមីង បងប្អូន កូនក្មួយទាំងអស់រហូតមកដល់សព្វថ្ងៃនេះ។ ឆ្លៀតក្នុងឱកាស នេះដែរ យើងក៏មិនភ្លេចនឹកដល់គុណូបក្ការៈគុណដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែល លះបង់អស់កម្លាំងកាយចិត្ត ខិតខំដឹកនាំ កសាង ថែរក្សា ការពារប្រទេសកម្ពុជា និងប្រជាពលរដ្ឋ ទូទាំងប្រទេសជៀសផុតពីលំបាកទាំងឡាយ ជាពិសេសការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើឱ្យ ប្រទេសជាតិមានសុខសន្តិភាព និងសុវត្ថិភាព ដែលអនុញ្ញាតឱ្យយើងមានឱកាសជួបជុំគ្នា ប្រកបរបរ ចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ។ ទន្ទឹមនេះដែរ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅផងដែរ ចំពោះសប្បុរសជនទាំងអស់ ដែលតែងតែឧបត្ថម្ភគាំទ្រ ទាំងថវិកា និងសម្ភារៈបរិក្ខារ ក៏ ដូចជាថ្នាំពេទ្យ សម្រាប់ព្យាបាលជូនប្រជាពលរដ្ឋ នេះក៏ជាធ្វើបុណ្យមួយដោយមិនចាំបាច់ថា ត្រូវ រៀបចំពិធីបុណ្យនោះទើបហៅថាធ្វើបុណ្យនោះទេ តែវាបុណ្យនេះ ស្តែងឡើងតាមរយៈទឹកចិត្ត សប្បុរសនៃការចូលរួមរបស់សប្បុរសជន និងស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋ។

តាមរយៈការរាយការណ៍របស់ឯកឧត្តម ខៀវ ភារិទ្ធ ឃើញថា ព្រឹកនេះមានក្រុមគ្រូពេទ្យសរុប ចំនួន ១៥៦រូប ដែលបានអញ្ជើញមកពីមន្ទីរពេទ្យផ្សេងៗ ដែលខ្ញុំសង្ឃឹមថា នឹងអាចព្យាបាលជូន ប្រជាពលរដ្ឋយើង បានគ្រប់ៗគ្នាក្នុងថ្ងៃនេះ។

ឯកឧត្ដម អភិសន្តិបណ្ឌិត ក៏សូមផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងក្រុម ការងារទាំងអស់ ធ្វើយ៉ាងណាយកចិត្តទុកដាក់ប្រឹងប្រែងអស់ពីសមត្ថភាព ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដើម្បីព្យាបាលជូនលោកតា លោកយាយ ពុកម៉ែ បងប្អូន ឱ្យបានជាសះស្បើយ។ ទោះបី ថា ការព្យាបាលនេះ មិនអាចជួយអ្វីច្រើនដល់បងប្អូនយើង ប៉ុន្តែវាជាចំណែកមួយដែលជួយសម្រួល ដល់ជីវភាពបានមួយកម្រិត ពិសេសនៅពេលជំងឺជាសះស្បើយក៏អាចធ្វើឱ្យយើងមានលទ្ធភាព ក្នុង ការប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរផងដែរ។ ឃើញថា សុខភាពល្អ ពិតជាមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដូចនេះ សូមលោកតា លោកយាយ ពុកម៉ែ ពូមីង បងប្អូនទាំងអស់ខិតខំថែរក្សាសុខភាពឱ្យបានល្អ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ។ ដូច្នេះកុំឱ្យខាតពេលយូរ និងទុកពេលវេលាជូនលោកគ្រូ អ្នកគ្រូពេទ្យ ព្យាបាលជូនប្រជាពលរដ្ឋយើង៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *