ការចុះត្រួតពិនិត្យស្ថានភាពស្រូវដែលរងបំផ្លាញពីមមាចត្នោត ដង្កូវមូរស្លឹក និងមុស្សផ្លុង របស់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង
==================
នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជួន សាបាន ប្រធានការិយាល័យកៅស៊ូ លោក ប៊ុន សាខន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក អ៊ុន អាត អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចុះពិនិត្យស្ថានភាពស្រូវដែលរងបំផ្លាញពីមមាចត្នោត ដង្កូវមូរស្លឹក និងមុស្សផ្លុង ប្រមាណជាង ៤០ហិកតា តាមការរាយការណ៏ពីកសិករ ស្ថិតនៅភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការចូលរួមពី លោក ឌឹម សុីដ្ឋា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយអន្ទរ និងមន្ត្រី ក្រុមប្រឹក្សាឃុំដំរីពួន និងប្រជាកសិករដែលមានស្រែបំផ្លាញពីសត្វល្អិតចង្រៃចំនួន ៩នាក់។
ក្រោយពីចុះពិនិត្យស្រូវ យើងសង្កេតឃើញស្រូវដែលរងការបំផ្លាញខ្លាំងជាងគេ គឺដង្កូវមូរស្លឹក និងមុសផ្លុង រីឯមមាចត្នោតមិនមានច្រើនដូចការរាយការណ៏ទេ។
ដំណោះស្រាយជាបឋម៖
១. អូសរនាស់បំបែកសំបុកដង្កូវមូរស្លឹក និងបំបាក់ដើមផ្លុង ដើម្បីឲ្យខ្នែងថ្មីដុះឡើងវិញ
២.ប្រើប្រេងម៉ាស៊ូតពី ១,៥ ដល់ ២លីត្រ/ហិកតា
៣. កាត់បន្ថយការប្រើប្រាស់ពូជស្រូវ
៤. កាត់បន្ថយការប្រើប្រាស់ជីអ៊ុយរ៉េ
៥. កាត់បន្ថយការប្រើថ្នាំពុលកសិកម្មមិនត្រឹមត្រូវនៅពេលមិនទាន់មានសត្វល្អិតចង្រៃនាំឲ្យមានភាពសាំនឹងថ្នាំ។
ក្រៅពីវិធានការទាំងខាងលើនេះ យើងបានណែនាំបន្ថែម ស្ដីពីការធ្វើឲ្យសត្វល្អិតចង្រៃកើនឡើង និងកត្តាអាកាសធាតុ។
