រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥
ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ០៣ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ០៣ ក្នុងផែនការឆ្នាំ២០២៤ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ០២គ្រួសារ និងជនពិការ ០១គ្រួសារ រស់នៅឃុំព្រែកខ្សាយ “ក” ឃុំបន្លិចប្រាសាទ និងឃុំបាបោង ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ ក្នុងនោះក៏មានសម្ភារៈមួយចំនួនផ្តល់ជូនបន្ថែមដល់គ្រួសារក្រីក្រទាំង ៣គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក កន្ទេល ១ ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ បោយទឹក ១ ច្រាស់ដុសបង្គន់ ១ សាប៊ូ ១កញ្ចប់តូច និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល ព្រមទាំងបានឧបត្ថម្ភថវិកាដល់លោកតា លោកយាយ ចូលរួមក្នុងកម្មវិធីនោះផងដែរ។
នាឱកាសនោះ ឯកឧត្ដម បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ បន្ថែមពីនេះ ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន។ ម្យ៉ាងវិញទៀត ឯកឧត្ដម សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។