សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលស្វាគមន៍ជាផ្លូវការប្រធានសភាអារ៉ាប៊ីសាអូឌីត ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥
MoINFO APP
រដ្ឋសភាបានរៀបចំពិធីទទួលស្វាគមន៍ជាផ្លូវការ គណ:ប្រតិភូជាន់ខ្ពស់សភាអារ៉ាប៊ីសាអូឌីត ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន ស៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន ស៊ីប្រាហ៊ីម អាល-សេក្ខ បានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងដំណើរទស្សនកិច្ច រយៈពេល៥ថ្ងៃនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឡើងបន្ថែមទៀត ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន ស៊ីប្រាហ៊ីម អាលសេក្ខ នឹងជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅព្រឹកថ្ងៃទី១ ខែកក្កដានេះ ក្រោយពិធីទទួលស្វាគមន៍ជាផ្លូវការបានបញ្ចប់។
ឯកឧត្តមនឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចូលជួបសម្តែងការគួរសម ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញទស្សនាតំបន់វប្បធម៌ ប្រវត្តិសាស្រ្តនិងទេសចរណ៍សំខាន់ៗ នៅក្នុងរាជធានីភ្នំពេញផងដែរ៕