ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ

សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ
ចេញផ្សាយ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ឆ្លងកាត់រយៈពេល៧៤ឆ្នាំមកនេះការពិតជាក់ស្ដែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គមដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី ៧៤ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) នាព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន ៧ មករា រាជធានីភ្នំពេញ សម្ដេចតេជោមានប្រសាសន៍ថា បន្ទាប់ពីសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ ១៩៧៩ មក គណបក្សបានដឹកនាំប្រទេសតាមមាគ៌ានយោបាយមួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសភាពការណ៍ជាក់ស្ដែង សម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុតលើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលបានរស់នៅយ៉ាងសុខសាន្ដប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន និងព្យាបាលបាននូវស្នាមរបួសដ៏ឈឺចាប់បំផុតពីអតីតកាល។ សម្ដេចតេជោបន្តថា លើមូលដ្ឋានតថភាពនេះ ប្រជាជនពិតជាបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលជាតំណាងនៃឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងជាគណបក្សដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារជាតិការកសាងនិងថែរក្សាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបន្តដឹកនាំប្រជាជនឆ្ពោះទៅរកអនាគតដ៏រុងរឿងបាន។ សម្តេចតេជោលើកឡើងថា សច្ចធម៌នេះ បានបញ្ជាក់ច្បាស់តាមរយៈការគាំទ្រយ៉ាងច្រើនលើសលប់របស់ប្រជាជនមកលើគណបក្សនៅក្នុងរាល់ការបោះឆ្នោតកន្លងមកទាំងការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់មូលដ្ឋានឃុំ សង្កាត់។ សម្តេចតេជោបន្តថា ការគាំទ្រនេះ បានធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយរបស់ខ្លួន ដែលបាននាំកម្ពុជាឱ្យឈានឡើងពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតជាបន្តបន្ទាប់ក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *