ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកជួបជាមួយមន្រ្ដីយោធា និងមន្រ្ដីរាជរដ្ឋាភិបាល ក្នុងអំឡុងទស្សនកិច្ច នៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៥
លោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ មានកិច្ចប្រជុំប្រកបដោយការស្ថាបនា ជាមួយមន្រ្តីយោធា និងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអំឡុងទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា ពីថ្ងៃទី ២៤-២៥ ខែមិថុនា ឆ្នាំ ២០២៥។
លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ Byers បានជួបជាមួយឯកឧត្ដមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការនៃកងទ័ពជើងទឹកកម្ពុជា ឯកឧត្ដមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្ដមឧត្តមសេនីយ៍ឯក សួន សំណាង ប្រធានក្រុមសម្របសម្រួលសហប្រតិបត្តិការយោធា និង ឯកឧត្ដមឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត នាយកនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ។ ជាមួយគ្នានេះ លោក Andrew Byers ថែមទាំងបានជួបជាមួយលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំជាមួយមន្រ្ដីយោធា និងមន្រ្ដីរាជរដ្ឋាភិបាលកម្ពុជានោះ លោក Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក និងមន្រ្តីជាន់ខ្ពស់កម្ពុជាបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងការពង្រឹងទំនាក់ទំនងយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បន្ទាប់ពីកិច្ចពិភាក្សារវាងមន្រ្តីនៃក្រសួងការពារជាតិអាម៉េរិក និងក្រសួងការពារជាតិកម្ពុជា នៅឯកិច្ចពិភាក្សា Shangri-La នាប្រទេសសិង្ហបុរី កាលពីខែមុន។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីផែនការអនាគត សម្រាប់ទស្សនកិច្ចឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជាដើម្បីមើលការចូលចតជាលើកដំបូង នៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដែលត្រូវបានបើកឡើងវិញ នៅឆ្នាំនេះ។ នេះគឺជាទស្សនកិច្ចប្រកបដោយផ្លែផ្កា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក្នុងវិស័យការពារជាតិ។
ក្នុងឱកាសនោះ លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ Byers បានជួបជាមួយអតីតនិសិ្សតយោធា ដែលធ្លាប់ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកជំនាញយោធានៅសហរដ្ឋអាមេរិក ហើយទស្សនាទីតាំងនានាក្នុងមូលដ្ឋាន សមុទ្ររាម ដែលស្ថិតនៅឆ្នេរភាគខាងត្បូងនៃប្រទេសកម្ពុជា៕