សម្ដេចតេជោ ហ៊ុន សែន ជំរុញការដាំដុះ និងពង្រឹងសន្តិសុខនៅឧត្តរមានជ័យ ក្នុងកាលៈទេសៈតានតឹងព្រំដែន
ចេញផ្សាយ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៥
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ក្នុងខេត្តឧត្តរមានជ័យ ចំនួន ២៤៨នាក់ បន្ទាប់ពីជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការចូលរួមបោះឆ្នោតកាលពីពេលកន្លងទៅ និងសង្កត់ធ្ងន់លើតួនាទីរបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយចាត់ទុកមន្ត្រីជាអ្នកបម្រើប្រជាជន។ សម្ដេចក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិកន្លងមក។
លើសពីនេះ សម្ដេចតេជោបានបញ្ជាក់បន្ថែមអំពីបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងថា ថ្វីបើស្ថានភាពនយោបាយថៃបានរុញច្រានឱ្យមានវិវាទក៏ដោយ សម្ដេចមើលឃើញវិបត្តិនេះជាឱកាសមួយ។ សម្ដេចបានណែនាំក្រុមប្រឹក្សាឱ្យជំរុញប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ក្នុងខេត្ត ជាពិសេសដល់កងកម្លាំងប្រដាប់អាវុធដែលអាចមានតម្រូវការយូរអង្វែង ដោយសារបញ្ហាវិវាទនេះ។
សម្ដេចតេជោបានព្រមានថា ប្រសិនបើគ្មានការផ្លាស់ប្ដូរមេដឹកនាំនៅបាងកកទេ វិវាទជាមួយថៃអាចនឹងអូសបន្លាយពេលយូរ ដោយស្ថានភាពខុសពីឆ្នាំ២០១១។ សម្ដេចបានណែនាំប្រជាពលរដ្ឋឱ្យត្រៀមលេណដ្ឋានការពារខ្លួន និងបន្តការបង្កបង្កើនផល ទោះបីជាសភាពការណ៍នៅតាមព្រំដែនយ៉ាងណាក៏ដោយ ក្នុងរដូវវស្សាពេលនេះ។
ទាក់ទងនឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម សម្ដេចតេជោបានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀន និងល្បែងស៊ីសង ដែលជាកង្វល់រួមរបស់សង្គម។
ពាក់ព័ន្ធនឹងការបិទព្រំដែនតាមតែចិត្តរបស់ថៃ សម្ដេចតេជោបានរិះគន់ថា ថៃជាអ្នកបិទព្រំដែនដោយខ្លួនឯង ហើយពេលមានបញ្ហាទើបមកចរចា ដោយបច្ចុប្បន្នថៃកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាច្រើន។ សម្ដេចបានបញ្ជាក់ថា កម្ពុជាចង់ឱ្យព្រំដែនជាមួយប្រទេសជិតខាងក្លាយជាព្រំដែននៃមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។