- សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មក្នុងចូលរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីបុរេសកម្មនិងការទទួលខុសត្រូវខ្ពស់ចំពោះសមិទ្ធផលការងារ
ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មដែលបានចូលរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីបុរេសកម្មនិងការទទួលខុសត្រូវខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលការងារចម្បងៗ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្ម ឆ្នាំ ២០២៤ នារសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការសម្រេចបាននូវសមិទ្ធផលការងារចម្បងៗទាំងនោះ រួមមានដូចជាការចរចាបើកច្រកទីផ្សារពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ ការកសាងធនធានមនុស្ស ការកែលម្អការផ្តល់សេវាសាធារណៈ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការកសាងលិខិតបទ ដ្ឋានច្បាប់ពាណិជ្ជកម្ម កិច្ចការពារអ្នកប្រើប្រាស់ ការចូលរួមអនុវត្តន៍ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ទន្ទឹមនេះ ការលើកកម្ពស់សុខុមាលភាពជូនប្រជាជនតាមរយៈ ការរក្សាបាននូវស្ថិរភាពនិងសន្តិសុខស្បៀងដែលសមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងធំធេងដល់ការជំរុញកំណើនសេដ្ឋកិច្ច និងអភិបាលកិច្ចល្អ និងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា រយៈពេល១១ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានជិត៤៤ពាន់លានដុល្លារអាម៉េរិក ជាពិសេសកំណើននៃការនាំចេញមានខ្ពស់ជាងនាំចូលពោលគឺតុល្យភាពពាណិជ្ជកម្មមានភាពវិជ្ជមាន។


ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងឡើងផងដែរថា បើទោះបីជាជួបពិភាក្សារយៈពេលខ្លីក៏ដោយក៏សម្ដេចតែងតែដាក់កម្មវិធីដើម្បីជួបជាមួយបណ្ដាក្រុមហ៊ុន និងអ្នកវិនិយោគនានា។ សម្ដេចធិបតីបានបញ្ជាក់ថា៖ «កន្លះម៉ោងក៏ដោយ ១៥នាទីក៏ដោយ តពីព្រឹកទល់យប់ៗដើម្បីជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុន ដែលមានសក្ដានុពលព្រោះបើយើងមិនជួបមិនលើកទឹកចិត្តគាត់ ទៅស្ដាប់នៅក្នុងវេទិកាល្អ ប៉ុន្តែអ្នកខ្លះអត់ចាប់អារម្មណ៍ទេ ចឹងយើងត្រូវតែដើរជួប»។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «ដើរគោះទ្វារ បានន័យថាដើរទៅជួបផ្ទាល់ ដើរទៅចរចាផ្ទាល់។ អីចឹងបានរាល់កិច្ចការងារ ដែលសម្តេចចេញទៅក្រៅប្រទេសប្រាប់ថា ទាក់ម៉ូយនេះ ក្រៅពីរៀបចំវេទិកាធុរកិច្ច ដែលផ្ដោតទៅលើសេដ្ឋកិច្ចជាមួយនឹងវិស័យឯកជននៅតាមប្រទេសនីមួយៗ ច្រើនក្រុមហ៊ុន ខ្ញុំតែងតែដាក់កម្មវិធីជាប់ជាប្រចាំ»៕