ពន្ធនាគារខេត្តព្រៃវែង បានរៀបចំពិធីសូត្រមន្តចម្រើនសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥
ព្រៃវែង៖ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ជួប សារីម ប្រធានពន្ធនាគារខេត្តព្រៃវែង ព្រមទាំងបានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ លឹម សុខា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ រួមនឹងមន្ត្រីរាជការ ពន្ធនាគារខេត្តព្រៃវែង បានរៀបចំសូត្រមន្ត រំដោះគ្រោះ លើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព ស ២៥៦៩ ដែលនឹងមកដល់នៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីសុំសេចក្តីសុខចម្រើន សេរីសួស្តី ជ័យមង្គល ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងជន់ជាប់ឃុំនោះផងដែរ។
លោក ប្រធានពន្ធនាគារខេត្តព្រៃវែង ក៏បានសូមបួងសួងដល់វត្ថុស័កសិទ្ធ ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម ជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គលសុខចម្រើនកើនមានដល់មន្ត្រីរាជការ ព្រមទាំងជន់ជាប់ឃុំ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។
នៅក្នុងពិធីនោះផងដែរក៏មានការរាប់បាតប្រគេនព្រះសង្ឃ ដើម្បីបង្សុកូល ឧទ្ទិសកុស លផលបុណ្យដល់ញាតិ្តការទាំង ប្រាំពីរសន្ដាន ដែលបានចែកឋានទៅនោះសូមឱ្យគាត់ទទួលបានបុណ្យ កុសល ដែលកូនចៅបានធ្វើនៅក្នុងថ្ងៃនេះ ជាពិសេសមួយទៀតនោះ គឺបានធ្វើឲ្យជនជាប់ឃុំទាំងអស់ដែលគាត់ មិនមាន ឱកាស សេរីភាព ក្នុងការធ្វើបុណ្យទាននៅខាងក្រៅដូចគេ ក៏ពិតមែន ក៏ប៉ុន្តែថ្នាក់ដឹកនាំនៃមន្ត្រីពន្ធនាគារ បានគិតគូរយកចិត្តទុកដាក់រៀបចំកម្មវិធីនិមន្តព្រះសង្ឃសូត្រមន្តរំដោះគ្រោះ លើករាសី រាប់បាត ដល់ជន់ជាប់ឃុំឲ្យគាត់មានឱកាសធ្វើបុណ្យទានបំពេញកុសលរបស់ខ្លួនបានដូចគេនោះផងដែរ៕