ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍ ៦ចំណុច ដល់គណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអនុវត្ត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញនូវអនុសាសន៍ ៦ចំណុច ដល់គណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអនុវត្ត
ចេញផ្សាយ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO APP

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុចដល់គណៈកម្មាធិការកណ្តាល ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសចូលរួមអនុវត្ត។

នៅក្នុងពិធិបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលសន្និសីទសណ្ឋាគារ សុខាសៀមរាប សម្តេចបបវរធិបតី​ បានគូសរំលេចថា៖

១. បន្តយកចិត្តទុកដាក់ធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជាយន្តការមានរដ្ឋបាលទំនើប យកចិត្តទុកដាក់លើលើកកម្ពស់ការងារអប់រំ តម្រង់ទិស និងបន្តកសាងពង្រឹងអត្តចរិតមនសិការចរិយាមាយាថ តម្លៃសីលធម៌ ស្មារតីទទួលខុសត្រូវក្នុងជួរថ្នាក់ដឹកនាំ សមាជិក សមាជិកា ថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន

២. បន្តយកចិត្តទុកដាក់ផ្ដល់នូវគំរូល្អក្នុងភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ ផ្ដល់នូវភាពកក់ក្ដៅ និងជំនឿជឿជាក់ក្នុងបរិយាកាសគ្មានវិវាទក្រោមស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ បង្កលក្ខណៈឱ្យយុវជនមានឱកាសបញ្ចេញស្នាដៃតាមសមត្ថភាព ជំនាញ និងទេពកោសល្យ និងជំរុញ និងលើកទឹកចិត្តឱ្យរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស

៣. បន្តប្រកាន់ខ្ជាប់នូវស្មារតី ២ ធ្នូ បន្តចូលរួមថែរក្សា លើកកម្ពស់តម្លៃវប្បធម៌ចែករំលែក វប្បធម៌នៃការដឹកនាំ វប្បធម៌សន្ទនា និង វប្បធម៌សន្តិភាព

៤. បន្តបញ្រ្ជាបការយល់ដឹងជាសាធារណៈពីបេសកកម្ម ចក្ខុវិស័យ និងតួនាទីរបស់ខ្លួនឱ្យបានទូលំទូលាយ និងគ្រប់ទីសទី តាមគ្រប់មធ្យោបាយ បន្តជំរុញ និងលើកទឹកចិត្តឱ្យយុវជនស្ម័គ្រចិត្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងកម្មវិធី និងព្រឹត្តិការណ៍នានា បន្តបណ្ដុះគំនិតលើកតម្កើងមោទនភាពជាតិ អត្តសញ្ញាណជាតិ តម្លៃ នៃសន្តិភាព និងបន្តអភិវឌ្ឍសមត្ថភាពយុវជន

៥. បន្តយកចិត្តទុកដាក់ពង្រឹងកិច្ចសហការឱ្យបានទូលំទូលាយ បន្តក្នុងការចំណែកកសាងសង្គមកម្ពុជាឱ្យទៅជារដ្ឋទំនើបដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ដោយបន្តជំរុញការចូលរួមពីវិស័យឯកជន ដៃគូអភិវឌ្ឍ សប្បុរសជននានា ក៏ដូចជាសហការមហាគ្រួសារ ស.ស.យ.ក.ក្នុងការរៀបចំផែនការសកម្មភាព ដើម្បីឧត្តមប្រយោជន៍សង្គមជាតិលើគ្រប់វិស័យ

និង៦. បន្តស្វែងយល់អំពីគោលនយោបាយការបរទេស ការវិវត្តសភាពការណ៍ក្រោមឥទ្ធិពល និន្នាការពហុប៉ូល និងបញ្ហាប្រឈម បន្តចូលរួមគាំទ្រការងារពង្រឹងទំនាក់ទំនងអន្តរជាតិតាមរយៈការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងកសាងទំនាក់ទំនងល្អជាមួយអង្គការយុវជននៃបណ្ដាប្រទេសជាមិត្ត ដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងផលប្រយោជន៍ទៅវិញទៅមកស្របតាមអភិក្រម «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។

ជាមួយគ្នានេះដែរ សម្តេចក៏បានប្រកាសគាំទ្រការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា ឆ្នាំ២០២៥» បន្ទាប់ពីយើងបានធ្វើដោយជោគជ័យកាលពីឆ្នាំ២០២៤កន្លងទៅនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *