ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស មានទំហំជាង២៣ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា ខណៈតំបន់សេដ្ឋកិច្ចកើនពីចំនួន២១ដល់៤៤កន្លែង
ចេញផ្សាយ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៥
លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានទំហំរហូតដល់ ២៣ភាគរយ ទៅ ២៥ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជាទៅលើទីផ្សារពិភពលោកចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ។
ក្នុងសិក្ខាសាលាស្តីពីការជំរុញការវិនិយោគបៃតងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកាលពីពេលថ្មីៗនេះលោកអគ្គលេខាធិការរងបានគូសរំលេចថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជំរុញកំណើនឧស្សាហកម្ម និងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ និងរួមបញ្ចូលកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល។លោកអគ្គលេខាធិការរងបានបន្ថែមថា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ បានជំរុញ និងលើកទឹកចិត្តការវិនិយោគបៃតងដែលរួមមានការវិនិយោគក្នុងវិស័យថាមពលបៃតង, បច្ចេកវិទ្យា រួមចំណែកដល់ការបន្សុំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ, ការគ្រប់គ្រង និងការពារបរិស្ថាន ព្រមទាំងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រាជាដើម។
ចំណែកលោក សួន សុផល អគ្គលេខាដ្ឋានរងនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ចាប់ឆ្នាំ២០១១ ដល់ខែតុលា ឆ្នាំ២០២៤ ទំនិញដែលផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមចំណែកនៃការនាំចេញរបស់កម្ពុជាបានដល់ ៣២,៦ពាន់លានដុល្លារ។ ក្រៅពីនេះ នៅមានការវិនិយោគទៅលើវិស័យផលិតរថយន្ត (ការដំឡើងរថយន្ត ការផលិតគ្រឿងបន្លាស់រថយន្ត កៅអីរថយន្ត និងគ្រឿងបង្គុំនានាពាក់ព័ន្ធនឹងយានយន្ត)។ វិស័យអេឡិត្រូនិច រួមមានគ្រឿងបង្គុំអគ្គិសនី គ្រឿងបន្លាស់អេឡិចត្រូនិក បន្ទះសូឡា ការផលិតបន្ទះសៀគ្វីបោះពុម្ព នឹងខ្សែឧបករណ៍ភ្ជាប់…ជាដើម។
ក្នុងរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៤ នៅកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៣០ ដែលមានរោងចក្រកំពុងដំណើរការ។ ចំនួននេះគឺកើនឡើងចំនួន ៤ ឬស្មើនឹង ១៥,៣៨ភាគរយបើធៀបនឹងឆ្នាំ២០២៣។ តំបន់សេដ្ឋកិច្ចពិសេសទាំង ៣០ គឺមានទីតាំងនៅ ១២ រាជធានី-ខេត្ត ដោយ ៩ ស្ថិតក្នុងខេត្តស្វាយរៀង, ៥ ក្នុងខេត្តព្រះសីហនុ, ៣ ក្នុងខេត្តបន្ទាយមានជ័យ កោះកុង និង កណ្តាលនិងចំនួន ១ នៅក្នុងរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ក្រចេះ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង និង ខេត្តកំពង់ចាម។ចំនួនតំបន់សេដ្ឋកិច្ចពិសេសដែលមានប្រតិបត្តិការ គឺកើនឡើង ខណៈដែលក្នុងឆ្នាំ២០២០ មានត្រឹមតែចំនួន២១ , ឆ្នាំ២០២១ មានចំនួន ២៣, ឆ្នាំ២០២២ មាន២៥ , ឆ្នាំ២០២៣ មានចំនួន២៦ និង២០២៤ មានចំនួន ៣០។
ដោយឡែកនៅដើមឆ្នាំ២០២៥តួលេខនៃតំបន់សេដ្ឋកិច្ចពិសេសបានកើនដល់ចំនួន ៤៤តំបន់ និងកំពុងជួយបង្កើតការងារជូនប្រជាពលរដ្ឋបានរហូតដល់ជិត ២០ម៉ឺនកន្លែង ហើយបានចូលរួមជំរុញវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានលើកឡើងក្នុងពេលថ្មីៗនេះថា៖ ក្នុងការរួមចំណែកឆ្លើយតបនឹងកំណើនចំនួនរោងចក្រថ្មី (៣២៦ ក្នុងឆ្នាំ ២០២៤) ក្រសួងបានតម្រង់ធនធានដើម្បីពន្លឿនការត្រួតកើពិនិត្យ និងវាយតម្លៃប្លង់បច្ចេកទេសឧស្សាហកម្មរបស់រោងចក្រ សិប្បកម្ម ចំនួន ៤៩១ មូលដ្ឋាន កើនឡើង ៤២,៣១% បើធៀបនឹងឆ្នាំ២០២៣ ដើម្បីគ្រប់គ្រង វាយតម្លៃហានិភ័យក្នុងទីតាំងមូលដ្ឋាន ផលិតកម្ម ឱ្យកាន់តែមានសុវត្ថិភាព។ ដើម្បីការពារ និងគ្រប់គ្រងហានិភ័យ, ក្រសួងបានជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងសុវត្ថិភាពឧស្សាហកម្ម ដល់សិក្ខាកាមពីវិស័យឯកជនសរុបចំនួន ៣.៩១១ នាក់ មកពី ៨០០ មូលដ្ឋាន (កើន ៣៨% ធៀបនឹងឆ្នាំ២០២៣)។