ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន និងសប្បុរសជន ចុះសួរសុខទុក្ខ និងលើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ
(ព្រះវិហារ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន និងសប្បុរសជន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អំណោយយដែលនាំទៅប្រគល់ជូននាពេលនោះរួមមាន៖ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបបាច់មួយចំនួន និងថវិកាចំនួន ៥០លានរៀលផងដែរ។
នាឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី សូមថ្លែងអំណនូវការកោតសរសើរចំពោះការលះបង់របស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់នូវសេចក្ដីសុខរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពបរទេសមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានផ្ដល់សេចក្ដីសុខឱ្យប្រជាជន ប្រសិនបើគ្មានកងកម្លាំងប្រដាប់អាវុធឈរជើងដ៏អង់អាចប្រឆាំងនឹងជនឈ្លានពាន ច្បាស់ណាស់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនឹងមិនអាចអង្គុយធ្វើការស្រួលនោះទេ។ ទាំងនេះ គឺជាទឹកចិត្ដមួយដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់មិនអាចបំភ្លេចបានឡើង។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ បង្រួបបង្រួម ផ្សះផ្សារជាតិ តាមរយៈការដាក់ចេញគោលនយោបាយឈ្នះឈ្នះ រហូតធ្វើឱ្យប្រទេសកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមស៉ីវិលទាំងស្រុង បញ្ចប់អង្គការចាត់តាំងយោធាខ្មែរក្រហមនៅឆ្នាំ១៩៩៨។ ត្រង់ចំណុចនេះហើយ បទពិសោធន៍របស់កម្ពុជាកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ ដំណាក់កាលដែលកម្ពុជា និងថៃ បានច្បាំងគ្នានៅតាមបន្ទាត់ព្រំដែន គឺបានស្តែងយ៉ាងច្បាស់ពីយុទ្ធវិធី ទេពកោសល្យ និងការដឹកនាំប្រទេសជាតិប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា បន្ទាប់ពីទាហានឈ្លានពានបានលួចឆ្មក់មកបាញ់ប្រហារបណ្តាឱ្យកងទ័ពកម្ពុជាយើងម្នាក់បានពលី នៅតំបន់មុំ៣ រាជរដ្ឋាភិបាលកម្ពុជា មិនបានឈរឱបដៃនោះទេ ពោលគឺកម្ពុជា បានប្រើប្រាស់យុទ្ធវិធីសន្តិភាពតាមរយៈការបញ្ជូនពាក្យបណ្តឹងទៅអង្គការយុត្តិធម៌អន្តរជាតិ ICJ ព្រមទាំងប្រើប្រាស់វិធីការពារខ្លួន, ការទូត ការត្រៀមកម្លាំងជាប់ជានិច្ចដើម្បីការពារកងទ័ពឈ្លានពានមករំលោភទឹកដែលអធិបតេយ្យភាព បូរណភាពទឹកដី និងការប្រើប្រាស់សរភូមិពព័ត៌មាន ដើម្បីវាយបកទៅលើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាកេងចំណេញលើស្មារតី សតិអារម្មណ៍។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនកម្ពុជា សូមគោរពកោតសរសើរ និងដឹងគុណចំពោះវីរភាព និងការលះបង់របស់កងទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ យើងខ្ញុំឈរនៅពីក្រោយបងប្អូនជានិច្ច នៅក្នុងបុព្វហេតុជាតិដ៏ឧត្តុងឧត្តមនេះ។ ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះ មិនត្រឹមតែដើម្បីនាំយកនូវជំនួយឧបត្ថម្ភមកជូនកងទ័ពជួរមុខប៉ុណ្ណោះទេ តែជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល»។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អះអាងថា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គឺនៅឈរពីក្រោយខ្នង លើកទឹកចិត្តនិងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងជូនដល់បងប្អូនកងកម្លាំងនៅជួរមុខជានិច្ច ពោលគឺមិនឈរឱបដៃមើលពីការលំបាកណាមួយជាដាច់ខាត។ ខណៈប្រជាពលរដ្ឋជាច្រើន ដែលប្រើប្រាស់បណ្តាញនាក់ទំនងសង្គម គឺបានចូលរួមជាមួយកងកម្លាំងជួរមុខ តាមរយៈការលើកទឹកចិត្ត បើទោះបីជាពួកគាត់មិនបានមកចូលរួមក្នុងទីលានផ្ទាល់ក៏ដោយ។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គឺជាបង្គោលដ៏រឹងមាំ ឈរជាមួយកងទ័ពនៅជួរមុខដ៏មានភាពអង់អាចក្លាហាន ការរួមគ្នាសាមគ្គីភាពជាធ្លុងមួយប្រឆាំងនឹងជនឈ្លានពានទាំងឡាយ។ ដូច្នេះ បងប្អូនកងទ័ព ពិតជាមានកម្លាំងចិត្ដ ពីព្រោះមានរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឈរពីក្រោយជាបង្អែកដ៏រឹងមាំផ្ដល់នូវការគាំពារ ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា។
នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងកងទ័ពនៅបញ្ជាការដ្ឋានអង្គរក្ស ទិសព្រះវិហារ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរចុះសួរសុខទុក និងការឧត្ថម្ភគាំទ្រទាំងនេះដោយលើកឡើងថានេះជាការផ្តល់កម្លាំងចិត្តក្នុងពេលវេលាដ៏សំខាន់ ខណៈដែលកងទ័ពជួរមុខកំពុងបំពេញកាតព្វកិច្ចក្នុងបុព្វហេតុការពារទឹកដី ក្រោមស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជា និងថៃ៕