ឯកឧត្តម នេត្រ ភក្ត្រា លើកឡើងថា ក្រសួងព័ត៌មាន បានវិភាគស៊ីជម្រៅដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងការពង្រាយមន្ត្រីឱ្យចំគោលដៅ ដើម្បីបម្រើដល់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបានពិនិត្យ និងវិភាគស៊ីជម្រៅដល់ចំនួនមន្ត្រីរាជការដែលនឹងចូលនិវត្តន៍ រយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៣ ដើម្បីរៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរួមទាំងផែនការពង្រាយមន្ត្រីឱ្យចំគោលដៅ ក៏ដូចជាបំពេញបន្ថែមនូវមន្ត្រីបច្ចេកទេសតាមតម្រូវការជាក់ស្តែងនៅតាមអង្គភាពនីមួយៗ ដើម្បីបម្រើដល់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ស្រមតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ការពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន» នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រសួងសង្កេតឃើញថានៅក្នុងអំឡុងពេល១០ឆ្នាំទៅមុខ ក្រសួងព័ត៌មាន នឹងមានមន្ត្រីរាជការចូលនិវត្តន៍សរុបចំនួនរហូតដល់ ៥០៧នាក់ (ថ្នាក់ជាតិចំនួន ៣៥០នាក់ និងថ្នាក់ក្រោមជាតិចំនួន ១៥៧នាក់) ដែលជាកត្តាប្រឈមផ្នែកធនធានមនុស្សក្នុងការបំពេញការងារជូនដល់ស្ថាប័ន ជាពិសេសធនធានមនុស្សដែលកំពុងអនុវត្តន៍ការងារបច្ចេកទេស។ ឯកឧត្ដមរដ្ឋមន្រ្ដីគូសបញ្ជាក់ថា ដូចនេះ ដើម្បីធានានិរន្តរភាពការងារ ក្រសួងព័ត៌មានបានធ្វើការត្រួតពិនិត្យឡើងវិញនូវស្ថានភាព និងតម្រូវការក្នុងការអភិវឌ្ឍសមត្ថភាពជំនាញ និងតម្រូវការក្នុងការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈសម្រាប់មន្ត្រីរាជការស៊ីវិលពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨ ព្រមទាំងបានកំណត់នូវមុខជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងវិស័យព័ត៌មានចំនួន២៤ មុខវិជ្ជា និងគ្រោងផ្តល់ការបណ្តុះបណ្តាលជូនដល់មន្ត្រីរាជការចំនួន ១ ៩៤២រូប។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ក្នុងក្របខ័ណ្ឌនេះ ក្រសួងព័ត៌មានបានរៀបចំ និងដាក់ឱ្យអនុវត្តន៍ផែនការកសាង និងអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៥-២០២៨ ដែលមានវិសាលភាពសម្រាប់អនុវត្តន៍ចំពោះមន្ត្រីរាជការក្រសួងព័ត៌មាន ដោយផ្តោតលើការបណ្តុះបណ្តាលកម្រិតជំនាញវិជ្ជាជីវៈ និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីជាប្រចាំ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងព័ត៌មានបានឱ្យដឹងទៀតថា ក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដោយបានតម្រង់ទិសការងាររបស់ខ្លួនលើការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការព័ត៌មាន និងសោតទស្សន៍ ការផ្សព្វផ្សាយតាមគ្រប់រូបភាព កិច្ចការរដ្ឋបាលទូទៅ និងការផ្តល់សេវាគាំទ្រលើកកម្ពស់វិស័យព័ត៌មានថ្នាក់ក្រោមជាតិ។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា ជាមួយទិសដៅនេះ ក្រសួងព័ត៌មាន រៀបចំនិងដាក់ឱ្យអនុវត្តន៍នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៥ និងបានកំណត់សូចនាករសំខាន់ចំនួន ៧រួមមាន៖ ទី១៖ ការផ្លាស់ប្តូរប្រព័ន្ធផ្សាយពីអាណាឡូកទៅឌីជីថល ដោយស្រប តាមការប្តេជ្ញាចិត្តរួមរបស់អាស៊ាន។ ការជំរុញប្រព័ន្ធ ផ្សាយតាមឌីជីថល និងលើកកម្ពស់នូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋផងដែរ។ ទី២៖ ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងពង្រីកវិសាលភាពនៃប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងលឿន រហ័សទាន់សភាពការណ៍។ ទី៣៖ ការលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពនៃការផ្សព្វផ្សាយដោយផ្តោតលើការគាំទ្រផ្នែក ច្បាប់ និងការកសាង និងអភិវឌ្ឍសមត្ថភាព។ ទី៤៖ ការរៀបចំបទដ្ឋានគតិយុត្តនិងការពង្រឹងការអនុវត្តច្បាប់ និងការពង្រឹងបទដ្ឋានបច្ចេកទេសសម្រាប់លើកកម្ពស់ការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។