អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ចាប់ពីខែមិថុនាខាងមុខនេះនឹងមាន call-tune ក្នុងទូរសព្ទប្រជាពលរដ្ឋដើម្បីចូលរួមយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
ចេញផ្សាយ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិកានិងជាអ្នកអ្នកនាំពាក្យក្រសួងព័ត៌មានបានអោយដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះថាក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ បានផ្តល់លទ្ធភាពអោយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ បានផ្ញើសារអប់រំផ្សព្វផ្សាយតាមប្រព័ន្ធ TRC-SMS សរុបចំនួន៩សារ ទៅកាន់អ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួនជាង ២៣លាននាក់នៅទូទាំងប្រទេស ខណៈកិច្ចសហប្រតិបត្តិនេះ នឹងដាក់ដំណើរការការផ្សព្វផ្សាយតាមរយៈ call-tune នៅក្នុងខែមិថុនាតទៅបន្ថែមទៀត។
សកម្មភាពផ្សព្វផ្សាយទាំងនេះ បាននិងកំពុងចូលរួមក្នុងលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋយើងឱ្យក្លាយជាពលរដ្ឋឌីជីថលល្អ គឺចេះប្រើប្រាស់ព័ត៌មាន បែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម មានប្រភពពីបណ្តាញសង្គមនានា ដើម្បីរួមចំណែកធានាសុវត្ថិភាពព័ត៌មានក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា ចាប់តាំងពីចុងខែមេសា និងដើមខែឧសភានេះ យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលដឹកនាំដោយក្រសួងព័ត៌មាន និងសម្របសម្រួលការអនុវត្តតាមបណ្តារាជធានីខេត្ត ដោយមន្ទីរព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន និងតួអង្គពាក់ព័ន្ធ បានចេញពីមន្ទីរព័ត៌មានរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបច្ចុប្បន្នបានធ្វើដំណើរដល់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងតាកែវហើយ។
យុទ្ធនាការនេះ រៀបចំសកម្មភាពផ្សេងៗដូចជាការចុះជួបលោកគ្រូអ្នកគ្រូ សិស្សតាមសាលារៀន អាជីវករក្នុងផ្សារ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា នៃមន្ទីរពេទ្យបង្អែក ព្រះសង្ឃ យាយជីតាជី វេទិកាជាមួយអ្នកសារព័ត៌មាននិងអ្នកបង្កើតមាតិកាលើបណ្តាញសង្គម ការដើរក្បួនតាមទីសាធារណៈនានា សរុបចំនួន៣៣លើក និងមានមនុស្សចូលរួមសរុបចំនួនប្រមាណជាង ៦,៥០០នាក់ ក្នុងមូលដ្ឋានរាជធានីខេត្តទាំង៥នេះ ដោយបានចែកខិតបណ្ណផ្សព្វផ្សាយ ស្ទិកគ័រ ផ្ទាំងព័ត៌មាន បដាផ្តល់សារអប់រំ ព្រមទាំងការផ្សព្វផ្សាយសារអប់រំជាសំឡេងដោយឃោសនសព្ទចល័តតាមទីប្រជុំជននានា និងតាមសហគមន៍ផងដែរ។ ក្នុងជំហានបន្ទាប់ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនឹងធ្វើដំណើរទៅកាន់ខេត្តកំពត កែប ព្រះស៊ីហនុ កោះកុង និងខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ទៅតាមកាលវិភាគដែលបានកំណត់។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា យុទ្ធនាការនេះបាន និងកំពុងផ្តល់ព័ត៌មានយ៉ាងសកម្មជូនប្រជាពលរដ្ឋគ្រប់ច្រកល្ហកទាំងអស់នៅទូទាំងប្រទេសអំពីវិធានការក្នុងការពារខ្លួនពីគ្រោះថ្នាក់ និងផលវិបាកនានាជាយថាហេតុបណ្តាលមកពីការចែកចាយ ការទទួលព័ត៌មានក្លែងក្លាយ ដោយមិនបានប្រុងប្រយ័ត្ន មិនបានផ្ទៀងផ្ទាត់ព័ត៌មានជាមុន។ ក្នុងរយៈពេលដើមខែឧសភាកន្លងទៅនេះ យុទ្ធនាការបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាសាធារណៈជាមួយមាតិកាគ្រប់ទម្រង់តាមតម្រូវការទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងលើបណ្តាញសង្គមសំខាន់ៗជាពិសេសតាមហ្វេសប៊ុក តិកតុក តេឡេក្រាម ដោយបានបញ្ជ្រាបខ្លឹមសារថ្មីសរុប ជាង ១,២០០មាតិកា ក្នុងនោះយុទ្ធនាការបានចាក់បញ្ចូលខ្លឹមសារជាទម្រង់វីដេអូថ្មីសរុបចំនួន១២៤ ឃ្លីប ដើម្បីឱ្យស្របនឹងការចូលចិត្ត និងទំនោរនៃការប្រើប្រាស់ និងការចែករំលែកព័ត៌មាននាពេលបច្ចុប្បន្ន ដែលទទួលបានការផ្តល់ Like និងShare ប្រមាណ១ម៉ឺនដង។ បន្ថែមពីលើនេះ សារព័ត៌មានក្នុងស្រុក និងតំបន់បានចុះផ្សាយអត្ថបទសរុបចំនួន ១៤០ ចំណងជើង អំពីសកម្មភាពយុទ្ធនាការនេះ ខណៈអង្គភាពសារព័ត៌មានវិទ្យុ និងទូរទស្សន៍ក៏បានចូលរួមផ្សព្វផ្សាយតាមរយៈការរៀបចំកម្មវិធីកិច្ចពិភាក្សាចំនួន៤លើកជាមួយអ្នកនាំពាក្យក្រសួងព័ត៌មាន អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាមួយចំនួនផងដែរ ដោយបានជជែកជុំវិញការអនុវត្តយុទ្ធនាការ វិធានការ និងកិច្ចខិតខំក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា។