ឯកឧត្តម ឌី វិជ្ជា បង្ហាញទឹកចិត្តដ៏ប្រពៃ ផ្តល់សំបុត្រវគ្គផ្តាច់ព្រ័ត្រ AFC ដល់អ្នកសារព័ត៌មាន ៩១នាក់
ចេញផ្សាយ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៥
MoINFO APP
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកសារព័ត៌មាន និងម្ចាស់ទំព័រកីឡា ដោយបានសម្រេចផ្តល់សំបុត្រទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ដ៏កក្រើក ដល់ចំនួន ៩១រូប ក្នុងម្នាក់ៗទទួលបានសំបុត្ររហូតដល់ទៅ ២សន្លឹកឯណោះ។
ការផ្តល់ជូនដ៏សប្បុរសនេះ មានគោលបំណងដ៏ថ្លៃថ្លាគឺដើម្បីបើកឱកាសឱ្យអ្នកសារព័ត៌មាន និងម្ចាស់ទំព័រកីឡាទាំង ៩១រូប អាចចែករំលែកសេចក្តីរីករាយនេះទៅកាន់មិត្តភក្តិ ឬអ្នកស្គាល់គ្នាផ្សេងទៀត ដើម្បីចូលរួមទស្សនា និងលើកទឹកចិត្តក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏សំខាន់ជាមួយក្រុម Arkadag ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
កាយវិការដ៏គួរឱ្យកោតសរសើរនេះ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏ល្អប្រសើររវាងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងអ្នកសារព័ត៌មាន ក៏ដូចជាការលើកកម្ពស់ស្មារតីនៃការចូលរួមគាំទ្របាល់ទាត់ជាតិឱ្យកាន់តែផុសផុលថែមទៀត។ នេះពិតជាដំណឹងដ៏គួរឱ្យត្រេកអរសម្រាប់អ្នកសារព័ត៌មាន និងអ្នកគាំទ្រកីឡាបាល់ទាត់ទាំងអស់។
ចំពោះសំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ដែលជាពានរង្វាន់លំដាប់ទី៣របស់ក្លិបអាស៊ី ត្រូវបានគេកត់សម្គាល់ថាមានតម្លៃទាបបំផុតមិនធ្លាប់មាន ដោយប្រភេទទី១ត្រឹមតែ ៨០០០រៀល និងប្រភេទទី២ត្រឹមតែ ៥០០០រៀលប៉ុណ្ណោះ។ តម្លៃនេះត្រូវបានមហាជនចាត់ទុកថាទាបខ្លាំងបើប្រៀបធៀបនឹងព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងៗក្នុងតំបន់។
សម្រាប់អ្នកគាំទ្រដែលចង់ចូលរួមទស្សនាការប្រកួតនេះផ្ទាល់ អាចចាប់ផ្ដើមទិញសំបុត្របានចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ តាមរយៈកម្មវិធីទូរស័ព្ទដៃ PKR Svay Rieng FC ដែលមានភាពងាយស្រួលក្នុងការទិញ និងឆាប់រហ័ស ដោយគ្រាន់តែស្កេនចូលទស្សនាដោយផ្ទាល់តែម្ដង ដោយពុំចាំបាច់ធ្វើការដូរយកសំបុត្រអ្វីឡើយ។
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android អាចទាញយកកម្មវិធីតាមរយៈតំណភ្ជាប់:https://play.google.com/store/apps/details?id=asia.wonderpass.pkrsrfc
សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS អាចទាញយកកម្មវិធីតាមរយៈតំណភ្ជាប់:https://apps.apple.com/us/app/pkr-svay-rieng-fc/id6505087491