ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជាគំាទ្រពេញទំហឹងបេសកកម្មការទូត របស់ឯកអគ្គរាជទូតថ្មីប្រទេសថៃ ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ពិសេសការលើកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរ

រដ្ឋសភាកម្ពុជាគំាទ្រពេញទំហឹងបេសកកម្មការទូត របស់ឯកអគ្គរាជទូតថ្មីប្រទេសថៃ ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ពិសេសការលើកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរ
ចេញផ្សាយ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៥
MoINFO APP

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគំាទ្រនិងស្វាគមន៍ បេសកកម្មការទូត របស់ឯកឧត្តម ធុល ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលឯកឧត្តមបានបេ្តជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការភ្ជាប់ទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងប្រជាជននៃប្រទេសកម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាមួយនិងការលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យសម្រេចបាននូវគោលដៅរំពឹងទុកគឺ ១៥ពាន់លានដុល្លារ ជាមួយនិងការជំរុញវិស័យទេសចរណ៍ កសិកម្ម និងអប់រំ ឱ្យកាន់តែរីកចម្រើនផងដែរ នោះ។

នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ បានអរគុណសម្តេចប្រធានរដ្ឋសភា ដែលបាទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់លោកជំទាវ នាយករដ្ឋមន្រ្តីថៃនៅកម្ពុជា កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីការតំាងចិត្តនៅក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ ដែលបានឈានដល់ខួប៧៥ឆ្នាំនៅពេលនេះ ឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងវិស័យឯកជន។

ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបពីផែនការជាច្រើន ដែលឯកត្តម នឹងខិតខំបំពេញឱ្យសម្រេចបាន នៅក្នុងអាណត្តិការទូតរបស់ខ្លួន ក្នុងនោះពេលឆាប់ៗនេះ ឯកឧត្តមនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ជួបជាមួយភាគីកម្ពុជានិងធ្វើដំណើរទស្សនកិច្ចជាក់ស្តែងទៅកាន់គោលដៅវិនិយោគនិងទេសចរណ៍សំខាន់ៗនៅកម្ពុជា ពិសេសនៅខេត្តសៀមរាប និងខេត្តនានាដែលជាប់ព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបានជម្រាបសម្តេចប្រធានរដ្ឋសភាថា ព្រះរាជាណាចក្រថៃជាប្រទេសឈរលេខរៀងទី៥ ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា និងជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេ មកទស្សនាកម្ពុជា។ កាលពីឆ្នាំ២០២៤ អ្នកទេសចរថៃចំនួន២លាននាក់ បានធ្វើដំណើរមកកម្ពុជា ខណៈអ្នកទេសចរកម្ពុជាជាង៥សែននាក់ បានធ្វើដំណើរទៅកាន់ប្រទេសថៃ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្វាគមន៍និងគំាទ្រពេញទំហឹងចំពោះបេសកកម្មការទូតរបស់ ឯកឧត្តម ធុល ត្រៃសូរ៉ាត់ នៅកម្ពុជា។ សម្តេចបានថ្លែងអំណរគុណចំពោះឯកឧត្តមនិងសហការី ដែលបានសហការជាមួយភាគីកម្ពុជាបានយ៉ាងល្អ ក្នុងការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រថៃ នៅកម្ពុជាក្នុងពេលកន្លងមកនេះ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តិទៅដោយរលូនទទួលបានផ្លែផ្កាជាទីមោទន នាំមកនូវផលប្រយោជន៍ជាច្រើន ដល់ប្រទេសនិងប្រជាជនទំាងសងខាង។

Leave a Reply

Your email address will not be published. Required fields are marked *