ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ លើកយកប្រធានបទការពង្រាយមន្ត្រី និងការជំរឿនមន្ត្រី មកពិភាក្សាក្នុងកិច្ចប្រជុំប្រចាំខែមេសា

ក្រសួងមុខងារសាធារណៈ លើកយកប្រធានបទការពង្រាយមន្ត្រី និងការជំរឿនមន្ត្រី មកពិភាក្សាក្នុងកិច្ចប្រជុំប្រចាំខែមេសា
ចេញផ្សាយ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៥
MoINFO APP

ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែរបស់ខ្លួនរៀងរាល់សប្តាហ៍ចុងក្រោយនៃខែនីមួយៗ។

ជាក់ស្តែង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ។

តាមរយៈរបាយការណ៍វឌ្ឍនភាពការងារដែលរាយការណ៍ដោយ ឯកឧត្តម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការ បានបង្ហាញពីវឌ្ឍនភាពការងារជាច្រើនដែលក្រសួងមុខងារសាធារណៈសម្រេចបាននៅក្នុងខែមេសា ក្នុងការអនុវត្តការងារស្នូល និងការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ក្រៅពីការងារដែលសម្រេចបាន កិច្ចប្រជុំបានបង្ហាញឱ្យឃើញនូវទិសដៅការងារឆ្ពោះទៅមុខយ៉ាងច្រើន ទាំងការងារការគ្រប់គ្រងមន្ត្រី អភិវឌ្ឍសមត្ថភាពមន្រ្តី ស្ថាប័ន និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយគោរពយ៉ាងហ្មត់ចត់តាមបទបញ្ជា និងអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការសហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ស្ថិតក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ។

ក្រៅពីការរៀបរាប់អំពីរបាយការណ៍នៃសមិទ្ធផលការងារ ដែលសម្រេចបានកន្លងមក ជាការកត់សម្គាល់ ការងារចំពោះមុខ ដែលត្រូវបានលើកឡើងសម្រាប់ការពិភាក្សា និងការចូលរួមយ៉ាងផុសផុល គឺការរៀបចំការពង្រាយមន្ត្រី និងការជំរឿនមន្ត្រី នេះគឺជាតម្រូវការចំបាច់ចំពោះមុខ ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ គ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ និងអនុវត្តឱ្យបានសម្រេច។ ទន្ទឹមនេះ កិច្ចប្រជុំប្រចាំខែមេសា ក៏បានពិភាក្សាទៅលើការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ASEAN Cooperation on Civil Service Matter- ACCSM និង ACCSM+3) ជាពិសេសកិច្ចប្រជុំ Preparatory Meeting ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ និងកិច្ចប្រជុំ Senior Officials Meeting ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ៕

Leave a Reply

Your email address will not be published. Required fields are marked *