ព័ត៌មានជាតិ

រដ្ឋាភិបាលអំពាវនាវអោយមានការចូលរួមធ្វើសកម្មភាពជាចុងក្រោយដើម្បីសម្រេចបាន កម្ពុជាគ្មានជំងឺគ្រុនចាញ់នៅបំណាច់ឆ្នាំ២០២៥នេះ

រដ្ឋាភិបាលអំពាវនាវអោយមានការចូលរួមធ្វើសកម្មភាពជាចុងក្រោយដើម្បីសម្រេចបាន កម្ពុជាគ្មានជំងឺគ្រុនចាញ់នៅបំណាច់ឆ្នាំ២០២៥នេះ
ចេញផ្សាយ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៥
MoINFO APP

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានលើកឡើងថាប្រទេសកម្ពុជា យើងកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត។ ជោគជ័យនេះបានបង្ហាញឡើងតាមរយះលទ្ធផលដែល បានបង្ហាញថា គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និង គ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធិឆ្នាំ២០២៤។ កាលពីឆ្នាំ២០២៤ ប្រទេសកម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡីករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់។

យ៉ាងណាក៏ដោយ នៅក្នុងសារលិខិតសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅថ្ងៃទី២៥មេសាឆ្នាំ២០២៥នេះក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ដោយ វិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ”

ដោយបានបញ្ជាក់ថា យើងក៏មិនអាចបន្ធូរដៃ បានឡើយ ព្រោះថាដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ ឱ្យបានជាស្ថាពរ១០០ភាគរយ យើងត្រូវតែបន្តខិតខំ ប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស។

សម្តេចបវរធិបតី ក៏បានយកឱកាសនេះអំពាវនាវអោយគ្រប់ភាគីចូលរួមបញ្ចប់ជំងឺគ្រុនចាញ់នៅបំណាច់ ឆ្នាំ២០២៥ដោយលើកទឹកចិត្តនិងការវិនិយោគបន្ថែមទៀត ព្រមទាំងអំពាវនាវឱ្យមាន វិធីសាស្ត្រឬគំនិតច្នៃប្រឌិតថ្មីៗ ជំរុញការលើកទឹកចិត្តដើម្បីប្រមូលផ្តុំថាមពលថ្មីពីគ្រប់មជ្ឈដ្ឋាន ដោយត្រូវផ្តុំគ្នាទាំងក្នុងកម្រិតសហគមន៍ រាជរដ្ឋាភិបាល និងដៃគូនានា ដើម្បីឈានឆ្ពោះទៅសម្រេចជោគជ័យគ្មានជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា នៅដំណាច់ឆ្នាំ២០២៥នេះ និងក្នុងសកលលោក នាឆ្នាំ២០៣០។

Leave a Reply

Your email address will not be published. Required fields are marked *