ព័ត៌មានជាតិ

កម្ពុជា ជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិ​ការទូទាត់ឆ្លងដែន​តាមឃ្យូអរកូតរវាង KHQR នៃប្រទេស​កម្ពុជា និង JPQR នៃប្រទេសជប៉ុន

កម្ពុជា ជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិ​ការទូទាត់ឆ្លងដែន​តាមឃ្យូអរកូតរវាង KHQR នៃប្រទេស​កម្ពុជា និង JPQR នៃប្រទេសជប៉ុន
ចេញផ្សាយ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៥
MoINFO APP

ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានប្រកាសពីការចុះហត្ថលេខា​លើអនុស្សរណៈ យោគយល់ស្តីពី កិច្ច​សហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូ​អរកូត​រវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុន ក្នុងគោល​បំណង​​បង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHOR និងJPQR នេះ ត្រូវបានបែងចែកជា២ ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជា​ដែល​​ប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅ​ប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុន​អាចស្កេន KHQR សម្រាប់ ការទូទាត់នៅប្រទេសកម្ពុជាបាន។

ប្រភពដដែលបន្តថា ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបាន​ជ្រើស​យកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់និងទូទាត់ ឆ្លងដែនជាមួយ​ប្រទេសជប៉ុន ។រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករ ទូទាត់តាមឃ្យូអរកូត​ជាមួយ​ភាគីកម្ពុជា។ ការណ៍នេះនឹងរួមចំណែកគាំទ្រ និងលើកកម្ពស់ប្រព័ន្ធទូទាត់ ឌីជីថលឱ្យកាន់តែ​ទូលំទូលាយ បង្កើនសុវត្ថិភាព​ប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការ​ទូទាត់ ឆ្លងដែនបានកាន់តែងាយស្រួល សំដៅជំរុញកំណើនភ្ញៀវទេសចរ និង​កាត់បន្ថយតម្រូវការប្តូររូបិយប័ណ្ណ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឬ ប្រទេសជប៉ុន។ ទន្ទឹមនេះ ម្ចាស់អាជីវកម្ម​ក្នុងស្រុកទាំងខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHOR ក្នុងប្រទេសកម្ពុជា ឬ POR ក្នុងប្រទេសជប៉ុន នឹង ទទួលបានអត្ថប្រយោជន៍បន្ថែម តាមរយៈការផ្ដល់ជម្រើស​ប្រតិបត្តិការទូទាត់ដល់អតិថិជន។ លើសពីនេះ អាជីវករក៏​អាចគ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួនបានកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លៃ សមរម្យ និងប្រកបដោយ​សុវត្ថិភាពផងដែរ។ ជារួម ប្រតិបត្តិការទូទាត់ឆ្លងដែន​នេះ នឹងចូលរួមជំរុញកំណើន ពាណិជ្ជកម្ម វិនិយោគ និងជាពិសេស​ទេសចរ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

Leave a Reply

Your email address will not be published. Required fields are marked *