អបអរសាទរខួបលើកទី៤៥នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារជាតិនៃកម្ពុជារៀបចំកម្មវិធីដ៏ធំមួយនៅខេត្តតាកែវ
ចេញផ្សាយ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៥
MoINFO APP
ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ(២០ មីនា ១៩៨០ – ២០ មីនា ២០២៥) ធនាគារជាតិនៃកម្ពុជានឹងរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀលប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះថ្ងៃពុធទី៣០ ខែមេសា ឆ្នាំ២០២៥ខាងមុខនៅសួនច្បារមាត់បឹងតាកែវ ខេត្តតាកែវចាប់ពីម៉ោង ៨ ព្រឹក ដល់ ៧ ល្ងាចដែលប្រជាពលរដ្ឋទាំងអស់អាចចូលរួមដោយសេរី។
ធនាគារជាតិនៃកម្ពុជាបានប្រកាសឱ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះថា កម្មវិធីនេះក៏មានការប្តូរជូនក្រដាសប្រាក់រៀល ចាស់ ទក់ រហែកប្ដូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ ការតាំងពិព័រណ៍ និងការប្រគំតន្ត្រីផងដែរ។
ទាក់ទងនឹងទិវាប្រាក់រៀល លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាធ្លាប់បានបញ្ជាក់ថា ប្រវត្តិប្រាក់រៀលបានឆ្លងកាត់នូវដំណាក់កាលជាច្រើន មុននឹងមានស្ថិរភាពល្អប្រសើរដូចបច្ចុប្បន្ននេះ។ ក្រោមអាណាព្យាបាលបារាំង លុយ “ស” (Piastre) ត្រូវបានបោះផ្សាយដោយធនាគារឥណ្ឌូចិននៅក្នុងឆ្នាំ១៨៧៥ សម្រាប់ចាយនៅក្នុងប្រទេសចំនួន៣ គឺកម្ពុជា ឡាវ និងវៀតណាម។
លោកជំទាវបន្តថា ចាប់ពីឆ្នាំ១៩២១ ពាក្យ «រៀល» ជាភាសាខ្មែរ ត្រូវបានដាក់នៅលើក្រដាសប្រាក់ស ដើម្បីឱ្យប្រជាជនខ្មែរដឹងពីតម្លៃក្រដាសប្រាក់ព្យាសកាន់តែទូលំទូលាយ។ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំង ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងជាលើកដំបូងនៅខែធ្នូ ឆ្នាំ១៩៥៤ នៅខែកញ្ញា ឆ្នាំ១៩៥៥ និងបានបោះផ្សាយប្រាក់រៀលសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសនាសម័យសង្គមរាស្ត្រនិយម។ ប៉ុន្ដែការរីកចម្រើននោះមានរយៈពេលខ្លីតែប៉ុណ្ណោះ ដោយសារប្រទេសកម្ពុជាបានជួបប្រទះនឹងអស្ថិរភាពនយោបាយ និងសង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនឆ្នាំ បានរុញច្រានប្រទេសឱ្យលិចលង់ក្នុងភ្លើងសង្គ្រាម ហើយក្នុងនោះបានបណ្តាលឱ្យប្រាក់រៀលធ្លាក់ថ្លៃយ៉ាងគំហុកជាមួយនឹងអតិផរណាខ្ពស់។
ពេលសង្គ្រាមបានបញ្ចប់ អគារធនាគារជាតិនៃកម្ពុជាត្រូវបានបំផ្លាញទាំងស្រុង ហើយប្រាក់រៀលត្រូវបានលុបបំបាត់ចោល ដោយសារការចាត់ទុកថាការប្រើប្រាស់លុយជាប្រភពនៃការកេងប្រវ័ញ្ច។លោកជំទាវទេសាភិបាលគូសរំលេចថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលបានខិតខំតស៊ូបង្រួបបង្រួមជាតិ ដើម្បីធានាឱ្យមានសុខសន្តិភាពពេញលេញ និងបានខិតខំកសាងសង្គម និងសេដ្ឋកិច្ចឡើងវិញពីបាតដៃទទេលើគ្រប់វិស័យ ហើយការងារចម្បងមួយក្នុងចំណោមការងារអាទិភាពនានានៅពេលនោះ គឺការបោះផ្សាយប្រាក់រៀលឡើងវិញ ដើម្បីសម្រួលដល់ប្រតិបត្តិការដោះដូរទំនិញនិងសេវានៅក្នុងសេដ្ឋកិច្ច ជាពិសេសការកសាងនិងពង្រឹងអធិបតេយ្យជាតិ។