ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពក្នុងវេទិកាស្តីពី «ការផ្លាស់ប្តូរបទសម្ភាសន៍រួមគ្នា» កម្ពុជា-ចិន

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពក្នុងវេទិកាស្តីពី «ការផ្លាស់ប្តូរបទសម្ភាសន៍រួមគ្នា» កម្ពុជា-ចិន
ចេញផ្សាយ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៥
MoINFO APP

ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាស្តីពី «ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា» រៀបចំឡើងដោយកាសែត People’s Daily នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នាសណ្ឋាគារសុខា ភ្នំពេញ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការចូលរួមរបស់អ្នកសារព័ត៌មានកម្ពុជា និងចិនក្នុងកម្មវិធីនេះ ជាឧទាហរណ៍មួយដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ចិន ដែលមានទិសដៅច្បាស់លាស់ យូរអង្វែង ធ្វើឱ្យអ្នកសារព័ត៌មានយល់កាន់តែច្បាស់អំពីបរិបទពិតប្រាកដនៃការអភិវឌ្ឍ និងកិច្ចសហការ ព្រមទាំងបញ្ហាប្រឈមនានាសំដៅផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ ដោយធានានូវគុណភាព សុវត្ថិភាព និងលឿនរហ័សទាន់សភាពការណ៍។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងរបស់ប្រជាជនតាមរយៈការបញ្ជូនព័ត៌មានពិតនិងត្រឹមត្រូវ ហើយក៏ជាស្ពានផ្សារភ្ជាប់ទំនាក់ទំនង ពង្រឹងសាមគ្គីភាព និងបង្កើនស្មារតីមិត្តភាពលើវិស័យវប្បធម៌ សេដ្ឋកិច្ច និងនយោបាយ។ ឯកឧត្តម រដ្ឋមន្ត្រី បានឱ្យដឹងថា បច្ចុប្បន្ននេះ កិច្ចសហការរវាងប្រទេសមហាមិត្តទាំងពីរ បាននឹងកំពុងបោះជំហានទៅមុខ និងរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ការទូត ហេដ្ឋារចនាសម្ព័ន្ធ សង្គម និងវប្បធម៌ ដែលក្នុងនោះរាប់បញ្ចូលទាំងវិស័យព័ត៌មាន និងសោតទស្សន៍ផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ជូនពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ប្រទេសកម្ពុជា និងចិន បាន នឹងកំពុងអនុវត្តគម្រោងរួមគ្នាជាច្រើនពាក់ព័ន្ធនឹងវិទ្យុ និងទូរទស្សន៍ ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធក្នុងប្រព័ន្ធផ្សព្វផ្សាយ ការបណ្តុះបណ្តាលមន្ត្រីជំនាញ ដំណើរទស្សនកិច្ចសិក្សា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ និងកិច្ចសហការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាដើម។ ជាក់ស្តែង ក្រសួងព័ត៌មានកម្ពុជាបានចុះអនុស្សរណៈ និងកិច្ចព្រមព្រៀងជាច្រើនជាមួយស្ថាប័នរដ្ឋ និងឯកជនចិន ដែលក្នុងនោះរួមមាន៖ រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន (NRTA) អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) មន្ទីរឃោសនាការខេត្តយូណាន កាសែត យូណាន ដេលី គ្រុប និងស្ថាប័នផ្សព្វផ្សាយផ្សេងៗទៀតរបស់ចិន។ ជាងនេះទៅទៀត ក្រសួងព័ត៌មាន បានទទួលនូវការគាំទ្រផ្នែកហិរញ្ញប្បទានតាមរយៈមូលនិធីពិសេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍តាំងពីឆ្នាំ២០១៨ មកម្ល៉េះ៕

Leave a Reply

Your email address will not be published. Required fields are marked *