ព័ត៌មានជាតិ

កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងកំណត់សាលារៀនគោលដៅឆ្នាំ២០២៥ សម្រាប់ចុះជួយគាំទ្រអនុវត្តសាលារៀនគំរូ

កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងកំណត់សាលារៀនគោលដៅឆ្នាំ២០២៥ សម្រាប់ចុះជួយគាំទ្រអនុវត្តសាលារៀនគំរូ
ចេញផ្សាយ ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៥
នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាព និងកំណត់សាលារៀនគោលដៅឆ្នាំ២០២៥ សម្រាប់ចុះជួយគាំទ្រអនុវត្តស្តង់ដាសាលារៀនគំរូ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរបាយការណ៍ និងឯកសារពាក់ព័ន្ធនានាលើចក្ខុវិស័យនេះ ព្រមទាំងបានណែនាំដល់ក្រុមការងារពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់រៀបចំឈ្មោះសាលារៀនគោលដៅឱ្យបានច្បាស់លាស់ ដើម្បីត្រួតពិនិត្យ ងាយស្រួលដល់ការរៀបចំផែនការសកម្មភាព និងយន្តការចុះជួយគាំទ្រដល់សាលារៀនគោលដៅទាំង២៤៤សាលារៀនដែលបានកំណត់ ព្រមទាំងបានលើកឡើងពីការរៀបចំ និងកំណែទម្រង់កម្មវិធីសិក្សា គណិតវិទ្យាឱ្យឆ្លើយតបទៅនឹងបរិបទឌីជីថល ដូចជាការប្រើប្រាស់គណិតវិទ្យាក្នុងកម្មវិធីSTEM បច្ចេកវិទ្យា ឬបញ្ញាសិប្បនិម្មិត(AI) ជាដើម។

ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសាលាគោលដៅតេស្ត PISA ទាំង១៨៦ ដែលជាអាទិភាពទី១របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឈានទៅសម្រេចគោលដៅទទួលបានសាលារៀនគំរូបន្ថែមទៀត ដោយក្នុងនោះបានណែនាំដល់ក្រុមការងារឱ្យបន្តចុះជួយគាំទ្រការរៀនបំប៉នតេស្តអន្តរជាតិ (PISA) នៅតាមសាលារៀនគោលដៅបន្ថែម ដោយមានការរៀបចំបញ្ជីឈ្មោះអ្នកឯកទេសលើផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ស្របតាមកម្រិតសមត្ថភាពសកល និងជាពិសេសមានក្រុមការងារជំនាញទទួលបន្ទុកក្នុងការរៀបចំស្តង់ដាចម្លើយគំរូ ដើម្បីជួយគាំទ្របន្ថែម សំដៅត្រៀមខ្លួនសម្រាប់ការធ្វើតេស្តកម្រិតអន្តរជាតិ PISA នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

គួរបញ្ជាក់ថា ក្រសួងអប់រំបានធ្វើចំណាត់ថ្នាក់សាលារៀនគំរូជាអាទិភាពមួយ ដែលមានលក្ខណៈសម្បត្តិ៖ ក) សាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបានស្តង់ដាសាលារៀនគំរូ ខ) សាលារៀនមានស្វ័យភាពក្នុងការកសាង និងអនុវត្តផែនការកែលម្អសាលារៀន និងថ្នាក់រៀន និងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រង និងគ្រូបង្រៀន គ) សិស្សត្រូវបានធ្វើតេស្តស្តង់ដាប្រកបដោយតម្លាភាព និងយុត្តិធម៌ដើម្បីបម្រើដល់ការកែលម្អការបង្រៀន និងរៀន ការជួយសិស្សរៀនយឺត និងផ្តល់ព័ត៌មានដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ ឃ) គ្រូបង្រៀនប្រើប្រាស់លទ្ធផលតេស្តដើម្បីកែលម្អការបង្រៀន និងទទួលបានការអភិវឌ្ឍគុណវុឌ្ឍិជាប្រចាំ និងង) មាតាបិតា ឬអ្នកអាណាព្យាបាល និងសហគមន៍ចូលរួមគាំទ្រ និងអភិវឌ្ឍសាលារៀន៕

Leave a Reply

Your email address will not be published. Required fields are marked *