ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រម្លឹកពីវីរភាពរបស់ព្រះបរមរតនកោដ្ឋក្នុងព្រះរាជបូជនីយកិច្ចទាមទាឯករាជ្យជាតិស្របពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង
ចេញផ្សាយ ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២៥
MoINFO APP
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ខេត្តតាកែវ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងអំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងនាពេលកន្លងទៅថ្មីៗនេះ ដោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បាននឹករឭកដល់ដំណើរបំពេញព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានយាងទៅកាន់ប្រទេសបារំាងដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ក្នុងដំណើរបំពេញព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គ ទ្រង់បានបំពេញដោយទឹកព្រះទ័យស្នេហាជាតិ និងប្រជារាស្ត្រ ដែលជាកូនចៅ ចៅទួតរបស់ព្រះអង្គ ព្រះបរមរតនកោដ្ឋ បានសន្យាជាឱឡារឹកថានឹងបំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពេញលេញ ជូនមាតុភូមិឱ្យខានតែបាន។ ឯកឧត្តមបានបន្តថា ក្រោមស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ទើបធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំងនៅថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ១៩៥៣ ហើយប្រជារាស្រ្តកម្ពុជាទូទាំងប្រទេសបានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ»។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បាននឹកឃើញអនុស្សាវរីយ៍កាលដែលឯកឧត្ដមនិងបងប្រុស ហ៊ុន ម៉ានិត នៅតូចៗ បានមានឱកាសចូលថ្វាយបង្គំ «ព្រះបរមរតនកោដ្ឋ» និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅលើទឹកដីនៃប្រទេសបារាំង កាលដែលឯកឧត្ដមទាំងពីរសិក្សានៅប្រទេសបារាំងផងដែរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាល់អនុស្សាវរីយទាំងឡាយនៅលើទឹកដីនៃប្រទេសបារាំង ពិតជាធ្វើឱ្យនឹកឃើញដល់ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ព្រះអង្គ ដែលជាមហាគុណូបការៈដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លាដក់ជាប់ក្នុងក្រអៅបេះដូងប្រជារាស្ត្រខ្មែរគ្រប់រូបជារៀងដរាបុះ។