សម្តេចប្រធានរដ្ឋសភា បញ្ជាក់ជូនភាគីរដ្ឋអាមេរិកថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ កើតចេញពីក្នុងប្រទេសដោយស្របតាមបរិបទជាតិ
ចេញផ្សាយ ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៥
MoINFO APP
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូន ឯកឧត្តម ជីមី ផេនីតា (Jimmy Panetta) សមាជិកសភា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ថាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ។
នៅក្នុងជំនួបពិភាក្សាកាងារ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចប្រធានរដ្ឋសភា បានបន្តថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ត្រូវតែកើតចេញពីក្នុងប្រទេស ដោយស្របតាមបរិបទជាតិ ប្រវត្តិសាស្រ្ត តម្លៃសង្គម ប្រពៃណីវប្បធម៌ និងប្រព័ន្ធនយោបាយរបស់ប្រទេសនីមួយៗ។
ឆ្លៀតនាឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា រដ្ឋសភាកម្ពុជានីតិកាលទី៧ បានកើតចេញពីការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០២៣។ ជាការបោះឆ្នោតមួយមានលក្ខណៈប្រវត្តិសាស្រ្ត ដោយមានពលរដ្ឋម្ចាស់ឆ្នោតជាង៨៤%ចេញទៅបោះឆ្នោត ហើយក្នុងចំណោមអ្នកបោះឆ្នោតចំនួន៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ នៅរដ្ឋសភាបច្ចុប្បន្នមានគណបក្សចំនួនពីរដែលមានអាសនៈក្នុងរដ្ឋសភា។
សម្តេច បានបន្ថែមថា រដ្ឋសភាកម្ពុជា ជាសភាមួយដែលមានយន្តការច្បាស់លាស់ក្នុងការលើកម្ពស់ និងការពារសិទ្ធិមនុស្ស ដោយមានគណៈកម្មការជំនាញមួយ ទទួលបន្ទុកវិស័យសិទ្ធិមនុស្សនេះតែម្តង គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេតនិងអធិការកិច្ច។ ខណៈដែររដ្ឋសភាប្រទេសជាច្រើនបញ្ហាសិទ្ធិមនុស្ស គឺជាមួយផ្នែកមួយរបស់គណៈកម្មការកិច្ចការបរទេសប៉ុណ្ណោះ៕