ក្រុមប្រឹក្សាធុរកិច្ចស្រ្តី ប្រទេសហ្វីលីពីនសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៥
MoINFO APP
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន នៅកម្ពុជា ក្នុងការពិនិត្យសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីធ្វើការវិនិយោគ។
ការស្វាគមន៍របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ខណៈទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន (Women Business Council of the Philippines) ដឹកនាំដោយលោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល(Rosemarie P.Rafael) នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា លើសពីនេះ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរកាន់តែជិតស្និទ្ធ និងមានការយោគយល់គ្នាកាន់តែច្រើនឡើង។
លោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតដល់គណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។
លោកជំទាវ បានថ្លែងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា របស់កម្ពុជា ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់គណៈប្រតភូសហគ្រិនស្រ្តីហ្វីលីពីន។
ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ជាពិសេសលទ្ធផលនៃជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបានគូសបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ និងលើកទឹកចិត្តជាខ្លំាងដល់ក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន ក្នុងការវិនិយោគនៅកម្ពុជា។
សមាជិកគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ មានមកពីវិស័យជាច្រើនដូចជា វិស័យកសិកម្ម អាកាសចរណ៍ ទេសចរណ៍ យានយន្ត អប់រំ សុខាភិបាល ដឹកជញ្ជូន និងឡូជីស្ទីក ផ្នែកសេវាកម្មក្នុងវិស័យទេសចរណ៍ និងគ្រឿងសង្ហារឹមជាដើម។