ព្រឹត្តិការណ៍សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្រ្តខ្មែរសៀមរាប:ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ដោយមានការចាត់តាំងពី ឯកឧត្ដម ខៀវ ភារិទ្ធ ប្រធាន ស.ស.យ.ក.ខេត្តព្រៃវែង សមាជិក ស.ស.យ.ក.ខេត្តព្រៃវែង ចំនួន០៤រូបមាន ១.លោក ឡូត គឹមជុង ២.លោក អ៊ុំ សុភានី ៣.លោក ហ៊ុន ចាន់ដែន ៤.លោកស្រី យិន កល្យាន បានចូលរួមសង្កេតមើល សិក្សាស្វែងយល់ ក្នុងដំណើរការរៀបចំប្រកួត “សំណេរអង្គរ” លើកទី២ ក្នុងខេត្តសៀមរាប ក្នុងគោលបំណង ដកស្រង់បទពិសោធន៍ នៃដំណើរការរៀបចំ សម្រាប់ជាទុនមួយ ក្នុងការបញ្ជ្រាប និងផ្សព្វផ្សាយបន្ត ដល់យុវជនក្នុង ខេត្តព្រៃវែង អំពីសារ:សំខាន់ នៃការរៀបចំកម្មវិធីនេះ។
ការប្រកួត “សំណេរអង្គរ” ជាព្រឹត្តិការណ៍សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្រ្តខ្មែរ ពិសេសគឺជួយឲ្យប្រជាពលរដ្ឋ និងមហាជនទូទៅ សរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យបានត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត។ សំណេរអង្គរ ក៏មានគោលបំណងផ្សារភ្ជាប់ទៅនឹងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមួយប្រវត្តិសាស្រ្តដ៏យូរលង់របស់ខ្មែរផងដែរ។
បេក្ខជន និងបេក្ខសាមណ: ចំនួន១២២០អង្គនាក់ បានចូលរួមប្រកួត ដែលមានអាយុ៦ឆ្នាំ ក្មេងជាងគេ និង៨១ឆ្នាំវ័យចាស់ជាងគេ ក្នុងនោះមកពីរាជធានី និងខេត្តក្រុងនានា លើកលែងតែខេត្តព្រះសីហនុ ខេត្តកែប និងខេត្តមណ្ឌលគិរី ក្នុងនោះបេក្ខជនមកពីខេត្តសៀមរាប មានប្រមាណជាង៥០០នាក់ រាជធានីភ្នំពេញជាង២០០នាក់ ខេត្តបាត់ដំបងជាង១០០នាក់ ក្រៅពីនេះមកពីខេត្តផ្សេងៗទៀត។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និង ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជា ប្រធានក្រុមប្រឹក្សាភិបាល មូលនិធីម៉ានី។