ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អ្នកសារព័ត៌មាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អ្នកសារព័ត៌មាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយ
ចេញផ្សាយ ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤
MoINFO APP

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃ​ខ្ពស់ចំពោះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២៤ ដែលបានលើក​យកប្រធានបទស្ដីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ខណៈដែល​ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួន​នៅមាន​កម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលករណីនេះ ទាម​ទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តក្រម​សីលធម៌វិជ្ជាជីវៈ ដោយត្រូវជំរុញការបណ្ដុះបណ្តាលបង្កើនសមត្ថភាព​ជំនាញ​ដល់អ្នកសារព័ត៌មាន និងបង្កើននូវទំនុកចិត្តដល់សាធារណជន។

តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនវេទិកានិពន្ធនាយក សារព័ត៌មានកម្ពុជា លើកទី២១ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍មួយ ចំនួនសម្រាប់ លោក លោកស្រី និពន្ធនាយកសារព័ត៌មានបន្តកិច្ចខិតខំប្រឹងប្រែង ដោយត្រូវ៖

១. សហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពាន ក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែល មានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់ សាមគ្គីភាពជាតិ។

២. ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយមដែល ជ្រកក្រោមស្លាកសារព័ត៌មាន។

៣. ផ្តល់ព័ត៌មានពិត និងទាន់ហេតុការណ៍ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយ គោលនយោបាយ របស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មាន ពីប្រជាពលរដ្ឋ មកកាន់រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការ ដោះស្រាយបញ្ហាបានទាន់ពេលវេលា ប្រកបដោយ ប្រសិទ្ធភាព។

៤. ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំង អំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គមដើម្បីរាជរដ្ឋាភិបាល មានមូលដ្ឋានដោះស្រាយ បញ្ហាចំគោលដៅ និងមានប្រសិទ្ធភាព។

៥. ផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជាពាក់ព័ន្ធនឹងសិទ្ធិនៃការបញ្ចេញមតិ សេរីភាព សារព័ត៌មាន ឱ្យកាន់តែទូលំទូលាយ សំដៅបញ្ច្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ដើម្បីជៀសវាង ការប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មានមិនសមស្រប ធ្វើឱ្យប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ សណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *