អតីតពលករខ្មែរយកបទពិសោធន៌ចិញ្ចឹមសត្វជ្រូកពីក្រៅប្រទេសមកអនុវត្តនៅស្រុកកំណើត
ចេញផ្សាយ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤
ចំណាយពេលជាង១០ឆ្នាំ ធ្វើការនៅប្រទេសថៃ អតីតពលរកខ្មែរម្នាក់ធ្លាប់បំរើការងារជាអ្នកចិញ្ចឹមជ្រូកយកសាច់ បានយកបទពិសោធន៌និងបច្ចេកទេសមួយចំនួនក្នុងការចិញ្ចឹមសត្វជ្រូកលក្ខណៈគ្រួសារមកសាកល្បង ដើម្បីរកប្រាក់ចំណូលបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់គ្រួសារ ។
លោក ឆយ ឈៀង អាយុ៣០ឆ្នាំ អតីតពលករស្រុកថៃជាង១០ឆ្នាំរស់នៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបងបានប្រាប់ថា ដំបូងឡើយលោកបានជ្រើសរើសពូជកូនជ្រូកចំនួន១២ក្បាលជាពូជក្នុងស្រុកយកមកចិញ្ចឹម និងបានចំណាយលុយមួយចំនួនទៀត ក្នុងការធ្វើទ្រុងជ្រូក ដែលមានទទឹង ៥ម៉ែត្រ បណ្ដោយ១១ម៉ែត្រប្រក់សង័្កសី ។
លោកថា លោកចេះផលិតចំណីជ្រូកដោយខ្លួនឯងពីកាកសណ្ដែកសៀងស្ងួត។
ការចិញ្ចឹមជ្រូកប្រើរយៈពេលចាប់ពី ៣ខែទៅ៤ខែកន្លះ សត្វជ្រូកមួយក្បាលមានទម្ងន់ចន្លោះពី៨០គីឡូ៩០គីឡូក្រាម អាចចាប់លក់បានហើយ ។ លោកបានបញ្ជាក់ថា សត្វជ្រូកនេះលោកចិញ្ចឹមពីរទ្រុងក្នុងមួយទ្រុងៗចន្លោះពី១០ក្បាលទៅ១៥ក្បាល មានពីរដំណាក់កាល ។
លោកបានបន្ថែមទៀតថា សម្រាប់ទីផ្សារគឺលោកមានម៉ូយខាងស្រុកថ្មគោលនិងខេត្តបាត់ដំបងមកទិញផ្ទាល់ ។
បច្ចុប្បន្ន ជ្រូកសាច់ មានតម្លៃ៩ពាន់រៀលក្នុងមួយគីឡូក្រាម ។ ប៉ុន្ដែតម្លៃទីផ្សារនេះមិនទៀតទាត់នោះទេ រដូវខ្លះចុះអាចធ្លាក់ដល់៧ពាន់រៀលឬអាចធ្លាក់ដល់៦ពាន់រៀលជាងក៏មានដែរ ។ លោកបន្ដលើកឡើងថាក្នុងមួយលើកៗ លោកអាចរកចំណូលចន្លោះ ៨លានរៀលទៅ១០លានរៀល ។
អតីតពលករខាងលើបន្ដលើកឡើងថាការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារនេះ មានបញ្ហាប្រឈមជម្ងឺខ្លះដែរ ដូចជាគ្រុនផ្កាសាយ គ្រុនក្ដៅនិងជ្រូកមិនស៊ីបាយ ជាដើម ។ ចំពោះការព្យាបាលគឺ លោក ធ្លាប់ចេះនិងមានបទពិសោធន៌កាលពីនៅប្រទេសថៃ ដូច្នេះលោកទិញថ្នាំវ៉ាក់សាំងឬថ្នាំផ្សេងៗ ចាក់ដោយខ្លួនឯងផ្ទាល់។
លោកបានសំណូមពរដល់អាជីវករបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយគាំទ្រផលិតផលនិងការចិញ្ចឹមសត្វលក្ខណៈគ្រួសារក្នុងស្រុក ដើម្បីអោយកសិករ មានការងារធ្វើ និងអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារផង ៕