ព័ត៌មានជាតិ

មុខសញ្ញាផ្សព្វផ្សាយអប់រំនៅក្នុងពេលប្រជាពលរដ្ឋឡើង

មុខសញ្ញាផ្សព្វផ្សាយអប់រំនៅក្នុងពេលប្រជាពលរដ្ឋឡើងមកលេងបុណ្យអុំទូកនៅភ្នំពេញ
ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤
ប្រជាពលរដ្ឋខ្មែរប្រាកដជានៅចាំថានៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៩០ នៅតាមដងផ្លូវគេឃើញមានការចងបដា នៅច្រកចេញ – ចូលឆ្លងកាត់សំខាន់របស់ រាជធានី – ខេត្ត នៅ ច្រកចេញ – ចូលឆ្លងកាត់ទៅកាន់រមណីយដ្ឋា ន និង កន្លែងកម្សាន្តសប្បាយនានា ។

ជាពិសេសបដានេះត្រូវបានគេប្រើកាន់តែច្រើននៅក្នុងពិធីបុណ្យដែលមានមនុស្សច្រើនកុះករចាកចេញពីជនបទហើយឡើងមកលេងក្រុងភ្នំពេញ ដើម្បីផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋអោយចេះការពារខ្លួនពីជំងឺអេដស៍ ។ដូចជាមានការលើកបដា «កុំនាំអេដស៍ចូលផ្ទះ»«យុវជនឆ្លាតវៃ មិនយកកាដូរ ប្តូរមេរោគអេដស៍»។

ហើយចុងក្រោយនេះគឺមានបដាអប់រំការពារខ្លួនពីជំងឺកូវីដ១៩។ ដូចជាមានការបិទក្រដាសអប់រំ«៣កុំ ៣ការពារ»ជាដើម។

ប៉ុន្តែមុខសញ្ញាផ្សព្វផ្សាយអប់រំទាំងនោះ ក៏បានចប់សព្វគ្រប់ បន្ទាប់ពីសន្ទុះរាតត្បាតនៃជំងឺនោះបានធ្លាក់ចុះ។ ផ្ទុយទៅវិញមានមុខសញ្ញាត្រូវផ្សព្វផ្សាយអប់រំមួយដែលត្រូវផ្សព្វផ្សាយអប់រំរហូតមិនចេះឈប់ មិនចេះឈរ នោះគឺ អប់រំកុំអោយប្រើប្រាស់គ្រឿងញៀន។

នៅក្នុងពិធីបុណ្យអុំទូកកន្លងមកគេឃើញមានការធ្វើផ្សព្វផ្សាយអប់រំប្រឆាំងគ្រឿងញៀនបានធ្វើឡើងតាមរយៈការតាំងពិព៌រណ៍ រូបភាពផលវិបាកនៃគ្រឿងញៀន ខិត្តប័ណ្ណ ផ្ទាំងរូបភាព បដាសារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងវត្ថុអនុស្សារីយ៍ផ្សេងៗមាន៖ មួក ប្រតិទិន ច្បាប់ ឆ័ត្រ ផ្លិត កែវ សម្រាប់ចែកជូន និងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់កុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។

អង្គការសហប្រជាជាតិបានរកឃើញថាក្នុងឆ្នាំ២០២៣ ប្រភេទគ្រឿងញៀនដែលត្រូវគេជួញដូរ និងប្រើប្រាស់ច្រើនជាងគេនៅកម្ពុជា រួមមាន មេតំហ្វេតាមីន ឬ ម៉ាទឹកកក អ៊ឹចស្តាស៊ី កូកាអ៊ីន និង អាភៀន ។

មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា អ្នកប្រើប្រាស់គ្រឿងញៀន គឺភាគច្រើនមានអាយុចន្លោះពី ១៨ ឆ្នាំទៅ៣៥ ឆ្នាំ។

គ្រឿងញៀនប្រភេទមេតំហ្វេតាមីន បានផ្តល់ទុក្ខទោសដល់អ្នកប្រើប្រាស់ ដោយមិនចង់សម្រាកឆាប់ខឹង មួរម៉ៅនិងស្លន់ស្លោដោយគ្មានមូលហេតុរហូតទៅដល់ប្រកាច់ រញីរញ័រ និង ស្លាប់ដោយសារស្ទះដង្ហើម ដាច់សសៃឈាមក្នុងខួរក្បាលឬគាំងបេះដូង។លើសពីនេះទៅទៀតអ្នកប្រើប្រាស់គ្រឿងញៀន ខ្លះទៀតប្រើហិង្សា ចង់សម្លាប់មនុស្ស និងចង់សម្លាប់ខ្លួនឯង ជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *