ធនាគារជាតិណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យសម្រួលការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍
ចេញផ្សាយ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤
ធនាគារជាតិនៃកម្ពុជា (NBC) បានណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងបុគ្គលស្វ័យនិយោជន៍ ដើម្បីជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។
យោងតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយទេសាភិបាលធនាគារជាតិនៃកម្ពុជាអធិប្បាយថា ក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ព្រមទាំងជួយសម្រួលដល់ប្រតិបត្តិការទូទាត់សងប្រាក់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុទាំងអស់ ដូចខាងក្រោម៖
១. បើកគណនីឱ្យសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ក្នុងរូបភាពជា “ឈ្មោះអាជីវកម្ម” “ឈ្មោះសហគ្រាស”ឬ “ឈ្មោះហាង” ក្នុងករណីសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍បានបំពេញបែបបទរដ្ឋបាលពេញលេញ និងងាយស្រួលកំណត់អត្តសញ្ញាណ តាមរយៈការចុះបញ្ជីនៅច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលគណនីនោះកំណត់បាននូវអត្តសញ្ញាណម្ចាស់អាជីវកម្ម ជាឯកត្តជននោះដោយផ្ទាល់ និង ២. សម្រួលនិងលើកទឹកចិត្តឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
សារាចរដដែលគូសបញ្ជាក់ទៀតថា ទន្ទឹមនេះ ការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
គប្បីជម្រាបជូនថា បុគ្គលស្វ័យនិយោជន៍ គឺសំដៅដល់ជនដែលប្រកបមុខរបរ រកប្រាក់ចំណូលដោយខ្លួនឯង មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបរផ្ទាល់ខ្លួន និងដោយមិនពាក់ព័ន្ធប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្ដល់ដោយស្ថាបនរដ្ឋ ឬដោយនិយោជកតាមកិច្ចសន្យាការងារ៕