ឯកឧត្តមរដ្ឋមន្ត្រីក្រសួងដែនដីចង់ឱ្យមណ្ឌលគិរី ក្លាយជាខេត្តមានសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ច
ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤
នៅខេត្តមណ្ឌលគិរីកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងពីបំណងចង់ឱ្យខេត្តតូចច្រឡឹងភាគឦសានមួយនេះមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ដល់មន្រ្តីចូលរួមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវគោលការណ៍ និងទស្សនៈវិស័យក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ប្រជាជាតិកម្ពុជាដោយធ្វើយ៉ាងណាជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត និងផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីផែនការរបស់ក្រសួងសម្រាប់អនុវត្តក្នុងអាណត្តិទី៧ នេះនិងស្នើសុំឱ្យមានការចូលរួមសហការដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក។
កិច្ចការចុះបញ្ជីដីធ្លីមិនអាចអនុវត្តតែម្នាក់ឯងបានទេ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដីផងដែរនោះទើបជំរុញឱ្យការងារចុះបញ្ជីដីធ្លីក្នុងខេត្តមណ្ឌលគិរីប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ដោយជោគជ័យជាប្រយោជន៍ងាយស្រួលក្នុងការរៀបចំខេត្តមណ្ឌលគិរីឱ្យបានល្អប្រសើរ ស្របតាមសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត ពីព្រោះមណ្ឌលគីរីជាខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជារបៀងសេដ្ឋកិច្ចមួយដ៏សំខាន់និងមានសក្តានុពលទាំងកសិ-ឧស្សាហកម្ម និងអេកូទេសចរណ៍។នេះជាការបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ ។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីក្នុងការអនុវត្តកិច្ចការជាច្រើនទាក់ទិននឹងការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តនេះ ដោយឯកឧត្តមសង្ឃឹមថា កិច្ចការចុះបញ្ជីដីធ្លីនៅក្នុងខេត្តមណ្ឌលគិរីនឹងអាចបញ្ចប់រួចរាល់ជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ។