ក្រសួងព័ត៌មានការពារអ្នកសារព័ត៌មាន ប៉ុន្តែមិនការពារការប្រឌិតព័ត៌មានក្លែងក្លាយនោះទេ
ចេញផ្សាយ ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៤
កាលពីចុងខែកញ្ញាថ្មីៗនេះអ្នកសារព័ត៌មានម្នាក់ត្រូវបានចាប់ខ្លួន។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីតុលាការបានរកឃើញថា អ្នកសារព័ត៌មាននេះមានពិរុទ្ធដោយរងការចោទប្រកាន់ពីតុលាការ សាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់។ បទល្មើសព្រហ្មទណ្ឌនេះ មានចែង និងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។ នៅពេលនេះ អ្នកសារព័ត៌មាន ឈ្មោះ ម៉ិច ដារ៉ា ត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល ដើម្បីរង់ចាំបើកសវនាការកាត់សេចក្តី។
អ្នកនាំពាក្យតុលាការ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២៤ ជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា បានបង្ហោះសារជាច្រើន ដែលមានលក្ខណៈញុះញង់ និងយករូបភាពកាត់តរមណីយដ្ឋានបាភ្នំ ថាត្រូវបានវាយកម្ទេចចោល បំភ្លៃការពិត មួលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងទៀត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងឱ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហោះចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួន ឈ្មោះ Mech Dara និងបានចែកចាយក្នុងបណ្តាញសង្គម Facebook, Twitter, Telegrame, Whatsapp និង Signal ដែលជនត្រូវចោទមានចេតនាទុច្ចរិត បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អ្នកនាំពាក្យតុលាការ បន្ថែមទៀតថា នៅទីបំផុតជនត្រូវចោទរូបនេះ បានទទួលស្គាល់ និងសារភាពថា ខ្លួនពិតជាប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន។
ចំណាត់ការទៅលើអ្នកសារព័ត៌មាននេះ បានធ្វើឡើងក្រោយពេលដែលរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង និងប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងភូមិសាស្ត្រស្រុកបាភ្នំ បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់រមណីយដ្ឋានបាភ្នំនោះ ហើយឃើញថា មិនមានការកាប់បំផ្លាញដោយការយកថ្មភ្នំ ដូចរូបភាពផ្សព្វផ្សាយនោះទេ។ រដ្ឋបាលស្រុកបាភ្នំ បានបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតនេះ ដែលមានចរិតអគតិ មានគោលបំណងបំភាន់សាធារណមតិនេះ។