ព័ត៌មានជាតិ

បទយកការណ៍៖ សហគមន៍ភូមិវត្តបូព៍ខេត្តសៀមរាប នឹងក្លាយជាទីន្លែងទាក់ទាញទេសចរបន្ថែមទៀត ក្រៅពីទស្សនាប្រាសាទនានា

បទយកការណ៍៖ សហគមន៍ភូមិវត្តបូព៍ខេត្តសៀមរាប នឹងក្លាយជាទីន្លែងទាក់ទាញទេសចរបន្ថែមទៀត ក្រៅពីទស្សនាប្រាសាទនានា
ចេញផ្សាយ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤
RNK

កាលពីពេលថ្មីៗនេះរដ្ឋបាលខេត្តសៀមរាប សហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ) រួមទាំងវិស័យឯកជនផង បានសម្ពោធជាផ្លូវការគម្រោងសហគមន៍ភូមិវត្តបូព៍ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងជំរុញឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីតំបន់មានសក្តានុពលស្រាប់ដូចជា៖ តំបន់ប្រាសាទ តំបន់បឹងទន្លេសាប និងតំបន់ផាប់ស្រ្ទីត ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា ក៏ដូចជាស្នាក់នៅសហគមន៍ភូមិវត្តបូព៍នេះ។ ខណៈអាជ្ញាធរខេត្តសៀមរាប មានក្តីរំពឹងថា៖ ភូមិវត្តបូព៍ និងក្លាយជាតំបន់ទេសចរណ៍ ដែលពោរពេញដោយ បរិស្ថានបៃតង និងរំលេចទៅដោយវប្បធម៌ចម្រុះនានា បន្ទាប់ពីបានសម្ពោធជាសហគមន៍ភូមិវត្តបូព៍ ជាផ្លូវការ។

បើសិនលោកអ្នកធ្វើដំណើរទៅកាន់កំណាត់ផ្លូវលេខ២៦ មានប្រវែង១៣០ម៉ែត្រ ខាងកើតស្ទឹងសៀមរាប ស្ថិតក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក លោកអ្នកពិតជាចាប់ភ្លឹកទៅលើភាពចម្រុះ មានទាំងប្រពៃណីវប្បធម៌ បរិស្ថាននៅសងខាងផ្លូវ មានធុងសំរាមញែកដាច់ពីគ្នា សម្រាប់ទុកដាក់ទៅតាមប្រភេទនៃសំរាម បង់សម្រាប់ភ្ញៀវអង្គុយលេងកម្សាន្ត ដើមផ្កាចម្រុះពណ៌ និងដំណាំរួមផ្សំនៅតាមសួនឬផើងខាងមុខផ្ទះ ឬហាងលក់ដូរនានា ព្រមជាមួយការតុបតែងលម្អតាមលំនៅឋាន និងដើមឈើដែលមានទេសភាពបៃតងផងនោះ ពិតជាអាចទាក់ទាញចំណាប់អារម្មណ៍លោកអ្នក ឱ្យចង់ដើរកម្សាន្ត និងចូលទស្សនាតាមហាងអាជីវកម្ម ជាពិសេសនៅក្បែរនោះមានវត្តបុរាណចំនួនពីរ ជាទីគោរពសក្តារៈនៃពុទ្ធសាសនិកជន និងអ្នកសិក្សាស្រាវជ្រាវនានា។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ក្នុងឱកាសអញ្ជើញសម្ពោធសហគមន៍ភូមិវត្តបូព៍ ជាផ្លូវការកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ថា៖ ភូមិវត្តបូព៍ទាំងមូលបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក ដោយគេហទំព័រទេសចរណ៍ Time Ont ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេសប្រចាំឆ្នាំ២០២២។ លោកថា ដោយមើលឃើញពីភាពសំបូរបែប ទាំងការរស់នៅ បណ្តុំអាជីវកម្ម ខ្មែរ បរទេស សាលារៀន និងវត្តអារាម រដ្ឋបាលខេត្ត ក្រោមកិច្ចសហការរបស់GIZ និងប្រតិបត្តិ្កករទេសចរណ៍ អាជីវករ បានសម្រេចបង្កើតគម្រោងសហគមន៍ភូមិវត្តបូព៍ថ្មីនេះឡើង ដោយជ្រើសយកកំណាត់ផ្លូវលេខ២៦ សម្រាប់ជាគម្រោងសាកល្បង ដែលផ្តោតសំខាន់លើបរិស្ថានបៃតង សុខសុវត្ថិភាព និងមិនឱ្យមានការរំខានដោយសំឡេង ជាពិសេសត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងប្រពៃណីដែលមាន ស្រាប់ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តក៏ដូចជាស្នាក់នៅក្នុងខេត្តសៀមរាប។

Leave a Reply

Your email address will not be published. Required fields are marked *