ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព
ចេញផ្សាយ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤
MoINFO APP

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យនីត្យានុកូលភាព» ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការ គណៈរដ្ឋមន្ត្រី និង ធ្វើបទឧទ្ទេស​នាមដោយឯកឧត្តមបណ្ឌិត ហេង វង្សប៊ុនឆាត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះស្តីការគណៈរដ្ឋមន្ត្រី ក្រុម​ប្រឹក្សាអ្នកច្បាប់ និង​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងនិស្សិត សរុបប្រមាណ ៥០០នាក់ ។​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា នេះជាលើកទី៧ហើយ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលបែបនេះ ក្នុងទិសដៅបន្តកសាង និងពង្រឹងធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចជារបស់ស្ថាប័នពាក់ព័ន្ធ ដែលមានបំណងចង់សិក្សារៀន​សូត្រ។ ឯកឧត្តម វង្សី វិស្សុត បានស្នើដល់មន្រ្តីទាំងអស់ ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងចំណេះដឹងជាប់ជាប្រចាំ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ «Life-long learning» ដោយធ្វើការផង និងរៀនផង ហើយរៀនក្នុងស្ថាប័នខ្លួនឯងផង និងរៀនពីខាងក្រៅផង ដើម្បីបន្តរក្សាខ្លួនជាមនុស្សដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ប្រធានបទស្តីពី«ការត្រួតពិនិត្យនីត្យានុកូល​ភាព» ពិតជាមានសារសំខាន់និងឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការ​របស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ក្នុងនោះមានទាំងការងារកំណែទម្រង់ច្បាប់ និងអភិបាលកិច្ចល្អ។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឋាមពល និងភាពជាក់ស្តែងនិយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមុំទី១ បានកំណត់យក “ការពង្រឹងនិងការកែទម្រង់ស្ថាប័ន” ជាចំណុចចាំបាច់និងស្នូល តាមរយៈការបន្តកែទម្រង់ស្ថាប័ននិងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារនៅក្នុង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន ទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យនិងការវាយតម្លៃលើការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រ​​នានា របស់រាជរដ្ឋាភិបាល ក្នុងបរិការណ៍ដ៏ស្មុគស្មាញនៃសង្គម‑សេដ្ឋកិច្ច ទាំងក្នុងនិងក្រៅប្រទេស។

Leave a Reply

Your email address will not be published. Required fields are marked *