មធ្យោបាយដែលជួយអ្នកសារព័ត៌មានចៀសផុតពីការប្រឈមមុខចំពោះតុលាការ
ចេញផ្សាយ ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤
យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាចេញផ្សាយខែមេសាឆ្នាំ២០២៤ដោយក្រសួងព័ត៌មានបានអោយដឹងថា កាលពីឆ្នាំ២០២៣
ក្រសួងព័ត៌មានបានផ្តល់កិច្ចអន្តរាគមន៍សម្របសម្រួលការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការដល់អង្គភាពសារព័ត៌មានចំនួន ៤៣លើក ដោយក្នុងនោះក្រសួងបានផ្តល់មេធាវីការពារក្តីទទួលបានជោគជ័យសរុបចំនួន ១១ ករណី និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានសរុបចំនួន ៥០លើក ផ្សេងទៀត។
ទន្ទឹមនេះ ក្រសួងបានប្រកាសលុបឈ្មោះអង្គភាពសារព័ត៌មានចេញពីបញ្ជី ចំនួន ២០អង្គភាព ក្នុងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដោយមូលហេតុអង្គភាពទាំងនោះបានបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងលិខិតបទដ្ឋានច្បាប់ជាធរមាន។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអោយដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានសម្របសម្រួលវិវាទ និងបញ្ហានានារបស់អ្នកសារព័ត៌មានសរុបចំនួន ២០ករណី និងកំពុងដំណើរការផ្តល់មេធាវីការពារក្តីក្នុងតុលាការសម្រាប់ករណីវិវាទមួយចំនួនទៀតផងដែរ។
ជាមួយគ្នានេះ អ្នកសារព័ត៌មានដែលបានប្រព្រឹត្តកំហុសវិជ្ជាជីវៈចំនួនសរុប ៦ករណី ព្រមទទួលស្គាល់កំហុសដោយធ្វើការសុំទោសជាផ្លូវការ។
កន្លងទៅនេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានណែនាំចំពោះអ្នកផលិតមាតិកាព័ត៌មានតាមបណ្តាញសង្គម ដែលបានបំពានក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សព្វផ្សាយតួយ៉ាងប្រភេទព័ត៌មានភ្ជាប់ជាមួយរូបភាពដ៏សាហាវឃោរឃៅដែលប៉ះពាល់ដល់ឯកជនភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។
ហើយថ្មីៗនេះរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានដាស់តឿនទៅដល់អ្នកសារព័ត៌មាននៅទូទាំងប្រទេសឱ្យស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនមិន មែនជាមន្ត្រីនគរបាលយុត្តិធម៌ទេ និងក៏មិនមែនជាតុលាការកាត់សេចក្តីឱ្យនរណាខុស នរណាត្រូវដែរ ហើយអ្នកសារព័ត៌មានក៏មិនមានអំណាចបញ្ជាឱ្យនរណាម្នាក់ធ្វើនេះធ្វើនោះបានដែរ។