សារផ្ញើចេញពីក្រុមធ្វើដំណើរទស្សនកិច្ចទៅភូមិភាគឦសាន
ចេញផ្សាយ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៤
រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋចំនួន៤០០នាក់ហើយដែលបានរួមដំណើរទស្សនកិច្ចទៅតំបន់ឦសាន។ នៅពេលចុះពីលើយន្តក្រុង ខណៈត្រឡប់មកដល់ក្រុងភ្នំពេញវិញ ព្រះសង្ឃ ប្រជាពលរដ្ឋ និងបញ្ញវន្ត មានថេរដីកានិងមានមតិលើកបង្ហាញអំពីអារម្មណ៍របស់ព្រះអង្គ និងរបស់ខ្លួន ក្រោយពេលបានទៅឃើញផ្ទាល់ភ្នែកនៅតំបន់ព្រំដែនភាគឦសាននោះ។
ភិក្ខុព្រះបញ្ញាវង្សាមុនី សៀង ស្រ៊ុន បន្ទាប់ពីទស្សនកិច្ចពេញមួយថ្ងៃតាមខ្សែក្រវ៉ាត់ព្រំដែន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅមានថេរដីកាថា« គ្មានការបង្ខិតបង្គោលព្រំដែន, យើងមិនចូលដីគេ គេក៏មិនចូលដីយើង សូម្បីតែមួយមីល្លីម៉ែត្រ»។
ព្រះសង្ឃមួយអង្គទៀត មានថេរដីកាថា«អាត្មាមានចម្ងល់ច្រើនលើបញ្ហាទឹកដីដែរកាលពីមុន. តែដល់ពេលបានចូលរួមដំណើរទស្សនកិច្ចព្រំដែន អាត្មាមានទឹកព្រះទ័យល្អ និងជ្រះថ្លាណាស់ជាមួយការអភិវឌ្ឍព្រំដែនរបស់យើង»។
ប្រជាពលរដ្ឋម្នាក់បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ទស្សនកិច្ចថា «ពីដើមឡើយ ខ្ញុំមិនបានចុះមកមើលផ្ទាល់ព្រំដែន ពេលឮអ្នកខាងក្រៅប្រទេសគេថា ខ្ញុំមានអារម្មណ៍ហាក់មិនស្រួលក្នុងចិត្ត ដូចគេថាមែនអត់ទេ តែឥឡូវបានឃើញច្បាស់ហើយ មិនដូចគេថាទេ ព្រំដែនយើងមានបង្គោលច្បាស់ៗ បោះបានត្រឹមត្រូវ »។
ចំណែកឯប្រជាពលរដ្ឋម្នាក់ទៀតបានលើកឡើងថា«ខ្ញុំអាយុ៦០ឆ្នាំជាងហើយ មិនដែលបានមកមើលព្រំដែនសោះ ។នេះជាលើកទី១ដែលខ្ញុំបានមកឃើញផ្ទាល់ព្រំដែន ពេលមកឃើញសប្បាយចិត្តណាស់ ព្រំដែនអត់ទៅណាផង ដីយើងនៅតែជាដីយើង។ បានឃើញផ្ទាល់ភ្នែកហើយ គេឃោសនាយ៉ាងមិចក៏លែងជឿដែរ»។ ដោយឡែក យុវជន២នាក់ ម្នាក់ឈ្មោះ ជុំ ហួត និង ម្នាក់ទៀតឈ្មោះ ជុំ ហួរ ដែលបានចូលរួមទស្សនកិច្ចទៅកាន់តំបន់ព្រំដែន បាននិយាយដោយបង្ហាញការតាំងចិត្តធ្វើជាសាក្សីរស់ បញ្ជាក់ពីស្ថានភាពពិតជាក់ស្ដែងនៅតាមព្រំដែន។
សូមបញ្ជាក់ថា អ្វីដែលព្រះសង្ឃមានថេរដីកា និងប្រជាពលរដ្ឋ បានលើកឡើងនោះគឺជាសារដែលចេញពីបេះដូង ចេញពីក្រសែភ្នែក របស់អ្នកទាំងអស់នោះ ដែលបានទៅឃើញការរីកចំរើននៅតំបន់ឦសានដោយផ្ទាល់ភ្នែកនិងបានទៅប៉ះស្ទាបដោយផ្ទាល់ដៃបង្គោលព្រំដែនលេខ៦៥ លេខ៦៦ និងបង្គោលលេខ១៣០។
យោងតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសានបានអោយដឹងថា ប្រជាពលរដ្ឋដែលបានរួមដំណើរទស្សនកិច្ចទៅឦសាន ខ្លះមានអារម្មណ៍រំភើបរីករាយក្រៃលែងដែលសំដែងឡើងតាមរយៈទឹកមុខ និងខ្លះទៀត ត្រេកអររហូតអួលដើមករលីងរលោងទឹកភ្នែក. ខណៈបានឃើញស្ថានភាពល្អប្រសើរ នៅតំបន់ព្រំដែន និងបានឃើញបង្គោលព្រំដែនសីមាដែលចារដោយអក្សរខ្មែរ។ ទន្ទឹមនោះប្រជាពលរដ្ឋដែលរួមដំណើរទស្សនកិច្ចបានថតរូបជាមួយបង្គោលព្រំដែនហើយបង្ហោះតាមបណ្តាញសង្គមធ្វើជាសក្ខីភាព។