សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា រៀបចំសិក្ខាសាលាគ្រូបង្វឹកស្ដីពី “បទបញ្ជាការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ”
ចេញផ្សាយ ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៤
សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានរៀបចំសិក្ខាសាលាគ្រូង្វឹកស្ដីពី “បទបញ្ជាការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ” ក្រោមការដឹកនាំដោយឯកឧត្ដម វ៉ាត ចំរើន រដ្ឋលេខាធិកាក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ដែលជាគ្រូបង្វឹកក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ។ សិក្ខាសាលានេះ បានរៀបចំឡើងនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
សិក្ខាសាលាគ្រូបង្វឹកស្ដីពី “បទបញ្ជាការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ” នេះផងដែរ រៀបចំឡើងគឺដើម្បីណែនាំបន្ថែមទៅដល់គ្រូបង្វឹកក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ត្រូវតែគោរពតាមយ៉ាងម៉ឺនម៉ាត់ទៅលើ ក្រមសីលធម៌ វិន័យ និងបទបញ្ជា ដើម្បីបង្ហាត់បង្ហាញទៅដល់កីឡាករ កីឡាការិនី របស់ខ្លួន ឱ្យដើរតាមគន្លងមួយប្រកបដោយស្មារតីទទួលខុសត្រូវ និងអាចឈានទៅដល់ការទទួលជ័យជម្នះនៅក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះ ខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ក៏ដូចជាព្រឹត្តិការណ៍ប្រកួតផ្សេងៗទៀត ៕